ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ ដើម្បីចូលរួម អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្វែងរកថវិកា ជួយផ្នែកសប្បុរសធម៌ នឹងប្រព្រឹត្តទៅសាជាថ្មីនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCទាំងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក សែម ផល្លា នាយកគ្រប់គ្រងព្រឹត្តិការណ៍ម៉ារ៉ាតុននៅកម្ពុជា បានអំពាវនាវឱ្យមហាជនចុះឈ្មោះចូលរួមឱ្យបានច្រើនកុះករ។
គិតត្រឹមវេលាសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំនួនអ្នកចុះឈ្មោះមានជាង៣៦០០នាក់ហើយសម្រាប់វិញ្ញាសាទាំង៤ ដែលមាន២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ក្នុងនោះ អ្នកចូលរួមជាជនជាតិខ្មែរ៣០០២នាក់ និងបរទេស៦០៣នាក់។ គោលបំណងអ្នករៀបចំគឺចង់មានដល់ទៅខ្ទង់៤៥០០នាក់។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ មានប្រសាសន៍ថា ដោយសារតែអាកាសធាតុក្ដៅជាងមុន ការចេញដំណើរនឹងលឿនជាងមុន ដោយយ៉ាងយូរ វិញ្ញាសា២១គីឡូម៉ែត្រនឹងចាប់ផ្ដើមនៅម៉ោង៥និង១០នាទីព្រឹក ហើយបន្តជាបន្តបន្ទាប់ដោយវិញ្ញាសាផ្សេងៗទៀត។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យចំនួន៣ក៏នឹងចូលរួមជួយសម្រួលដល់អ្នកចូលរួមរត់ដែរ។ លោក សែម ផល្លា ក៏បានអំពាវនាវឱ្យមហាជនចូលរួមចុះឈ្មោះច្រើនកុះករដើម្បី អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនិងស្វែងរកថវិកាជួយផ្នែកសប្បុរសធម៌ផង។
ជាមួយគ្នានេះ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានរំឭកដល់អ្នកចូលរួមធ្វើយ៉ាងណាថែរក្សាសណ្ដាប់ធ្នាប់ និងអនាម័យឱ្យបានត្រឹមត្រូវដើម្បីទទួលបានការវាយតម្លៃពីគណៈកម្មការម៉ារ៉ាតុងអន្តរជាតិដែលបានចុះមកពិនិត្យនៅទីតាំងការប្រកួតផ្ទាល់។