លោក ចិត្រ ជាមន្ត្រីរាជការមួយរូបតែងតែចំណាយពេលចុងសប្ដាហ៍ទស្សនាកូនប្រុសលេងកីឡាបាល់ទាត់។ តែអ្វីគួរកត់សម្គាល់នោះ លោកតែងតែនាំយកសម្ភារៈបោះតង់ទៅជាមួយជាប្រចាំ ព្រោះងាយស្រួលអង្គុយ និងសម្រាកមើលកូនប្រុស។
បុរសមានលំនៅនៅខណ្ឌច្បារអំពៅប្រាប់ថា ធ្លាប់រកកន្លែងអង្គុយគ្មានពេលជូនកូនទៅលេងនាពេលមុន ដូច្នេះលោកក៏សម្រេចយកសម្ភារៈ camping ទៅជាមួយ។ ការរៀបចំបែបនេះក៏បានផ្ដល់ភាពស្រស់ស្រាយម្យ៉ាងដែរ។ សម្រាប់ការលើកទឹកចិត្តកូនៗពីសំណាក់អាណាព្យាបាលទូទៅ លោកមើលឃើញថា ក៏មានការកើនឡើងខុសពីមុន។
កូនប្រុសច្បងរបស់លោក ចិត្រ មានអាយុ៦ឆ្នាំ និងបានហាត់កីឡាបាល់ទាត់ជាង១ឆ្នាំមកហើយ។ ក្រៅពីកីឡាបាល់ទាត់ គេក៏ធ្លាប់លេងកីឡាវាយសី និងវាយកូនហ្គោលផងដែរ។ លោកថា ការលេងកីឡាពិតជាសំខាន់សម្រាប់សុខភាព ហើយលោកក៏លេងជាប្រចាំដូចគ្នា ជាពិសេសកីឡាវាយសី។ លោកបន្តថា ប្រសិនបើថ្ងៃអនាគតកូនប្រុសរបស់លោកចង់ក្លាយជាកីឡាករបាល់ទាត់អាជីព លោកនឹងគាំទ្ររូបគេសម្រេចបំណង៕