Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្រុមម្ចាស់ជើងឯក AIA Corporate Cup 2024 របស់កម្ពុជាមិនស្មានអាចទៅប្រកួតដល់អង់គ្លេស

ក្រុមបាល់ទាត់បុរស ធនាគារស្ថាបនា ម្ចាស់ពានរង្វាន់ AIA Corporate Cup 2024 រៀបចំដោយ អេ អាយ អេ ខេមបូឌា បានបង្ហាញភាពរីករាយ និងមោទកភាព បន្ទាប់ពីឆ្លងកាត់បទពិសោធ និងអនុស្សាវរីយ៍ដ៏ច្រើនលើសលប់ពីព្រឹត្តិការណ៍ប្រកួត AIA Championship 2024 នាក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីខែឧសភា កន្លងទៅ។

ក្រុមតំណាងកម្ពុជាមួយនេះក្នុងនាមជាម្ចាស់ជើងឯក បានទៅប្រកួតបន្តនៅក្រុងឡុងដ៍លើទីលានហ្វឹកហាត់បាល់ទាត់របស់ក្លឹប Tottenham Hotspur។ ទន្ទឹមនឹងនេះ សមាជិកក្រុមក៏បានទៅទស្សនាការប្រកួតរបស់ Spurs តទល់ Burnley ក្នុងក្របខណ្ឌ English Premier League និងបានធ្វើទស្សនកិច្ចក្នុងក្រុងផងដែរ។

ក្នុងការប្រកួតនៅអង់គ្លេស ក្រុមធនាគារស្ថាបនាបានតទល់ក្រុមមកពី ហុងកុង អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងចិន។ ក្រុមមកពីកម្ពុជាទទួលបានជ័យជម្នះ២លើក និងស្មើមួយប្រកួត ។ ជាលទ្ធផល ក្រុមមកពីប្រទេសសិង្ហបុរីបានគ្រងជើងឯកផ្នែកបុរសខណៈម្ចាស់ជើងផ្នែកនារីបានទៅក្រុមមកពី នូវែលសេឡង់។

លោក ស្រេង លាងស៊ ដែលជាប្រធានក្រុមបានលើកឡើងថា “៖ ដំណើរទៅកាន់ប្រទេសដែលយើងគ្រប់គ្នាមិនដែលហ៊ានសូម្បីតែស្រមៃ វាពិតជារំភើប ពិបាកពណ៌នា។ ខ្ញុំសូមអរគុណ អេ អាយ អេ ខេមបូឌា ដែលបានផ្តល់ឱកាសដល់ពួកយើងក្លាយជាក្រុមដំបូងគេពីប្រទេសកម្ពុជា។ ក្រុមរបស់យើងនឹងខិតខំហ្វឹកហាត់ឱ្យកាន់តែល្អឡើងសម្រាប់ការប្រកួតឆ្នាំក្រោយនេះនៅឆ្នាំក្រោយទៀត ប្រសិនបើមានឱកាស។”

ចំណែកលោក សៅ សុវណ្ណរ័ត្ម អ្នកចាត់ការទូទៅក្រុមបានលើកឡើងថា “៖ នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ហើយវាក៏ជាការប្រកួតដ៏រីករាយ និងការរឹតចំណងមិត្តភាពដែលអាចឱ្យពួកយើងមានទំនាក់ទំនងល្អជាមួយក្រុមមកពីបណ្តាប្រទេសផ្សេងទៀត។ សូមអរគុណ អេ អាយ អេ ខេមបូឌា ដែលបានឧបត្ថម្ភទាំងស្រុងទាំងការធ្វើដំណើរ ការស្នាក់នៅ និងជាពិសេសឱកាសឱ្យយើងទស្សនាការ ប្រកួតផ្ទាល់របស់ក្រុម Spurs និង Burnley»។

គោលបំណងសំខាន់នៃពានរង្វាន់ AIA Corporate Cup របស់ អេ អាយ អេ ខេមបូឌា សង្កត់ធ្ងន់លើជំហររបស់ខ្លួនក្នុងនាមអ្នកគាំទ្រ និងលើកកម្ពស់ដ៏សកម្មបំផុតលើផ្នែកសុខភាព និងសុខមាលភាព។ ការផ្តួចផ្តើមនេះ បន្ថែមវិសាលភាពរបស់ អេ អាយ អេ ខេមបូឌា លើសពីនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពទៅកាន់ដៃគូសាជីវកម្ម ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត សង្គម និងហិរញ្ញវត្ថុរបស់អតិថិជន ដែលផ្តោតសំខាន់ លើកត្តាចម្បងៗបួនរួមមាន៖ ការរស់នៅល្អ (Live Well) គិតល្អ (Think Well) ផែនការល្អ (Plan Well) និង អារម្មណ៍ល្អ (Feel Well)។ កត្តាចម្បងទាំងបួននេះគឺជាផ្នែកមួយនៃកម្មវិធី WorkWell with AIA ដែលបានណែនាំដល់អតិថិជនផ្នែកសាជីវកម្មរបស់ខ្លួននៅដើមឆ្នាំនេះ ដើម្បីជួយលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បុគ្គលិក។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ AIA Corporate Cup 2024 រដូវកាលដំបូងបានស្វាគមន៍ក្រុមចំនួន៤០ចូលរួម និងប្រព្រឹត្តទៅពីខែធ្នូ ឆ្នាំ ២០២៣ ដល់ខែមីនា ២០២៤។ ក្រុមបុរសមកពីធនាគារស្ថាបនា បានយកឈ្នះសាលាអន្តរជាតិ CIA First Cambodia  ក្រសោបបានតំណែងជើងឯក៕