Skip to content
បាល់ទះពានសម្ដេចក្រឡាហោមឆ្នាំនេះកើនប្រាក់រង្វាន់ និងពានឯកត្តជនច្រើនជាងឆ្នាំមុន
    ទំព័រដើម  »  កីឡាជាតិ

បាល់ទះពានសម្ដេចក្រឡាហោមឆ្នាំនេះកើនប្រាក់រង្វាន់ និងពានឯកត្តជនច្រើនជាងឆ្នាំមុន

ក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា សម្រាប់ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នេះសហព័ន្ធបានកែសម្រួល បង្កើនប្រាក់រង្វាន់ដល់ទៅ ៥០លានរៀល បើកធៀបនិងរដូលកាលចាស់ក្រុមជើងឯកបានត្រឹម ២០លានរៀល ,បន្ថែមនៅពានរង្វាន់ឯកក្តជនយកលំនាំតាម VNL (Volleyball Nations League) រួមផ្សំនិងអត្ថប្រយោជន៍ផ្សេងៗទៀតជាមួយដៃគូឧបត្ថម្ភ។

“ព្រឹត្តិការណ៍នេះប្រាក់រង្វាន់គឺមិនដែលតូចនោះទេ ប៉ុន្តែឆ្នាំនេះវាធំជាងអ្វីដែលរំពឹងគិតទៅទៀត”។

ចំណែកឯអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បានលើកឡើងថាលោកប្រកាន់ជំហរចូលរួមចំណែកជាមួយសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជានេះ មិនមែនត្រឹមរយៈពេលខ្លីនោះទេ តែក្រុមហ៊ុននឹងចូលរួមឱ្យបានវែងឆ្ងាយដើម្បីរួមចំណែកក្នុងការអភិវឌ្ឍបាល់ទះកម្ពុជាឱ្យកាន់តែធំធាត់ជានេះ។

“សម្រាប់យើងនឹងធ្វើកម្មវិធីប្រកួតបាល់ទះបែបនេះ ឱ្យទៅជាស្ថេរភាពកុំឱ្យធ្វើម្តងឈប់ ក្រុមហ៊ុនមានការតាំងចិត្តធ្វើកម្មវិធីនេះឱ្យដល់ទៅ ១០ឆ្នាំ”។

ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ មានកំណើនក្រុមចូលរួមជាងរដូវកាលចាស់ ពោលក្រុមបាល់ទះសរុបមានចំនួន ២៩ក្រុម ដោយបែងចែកជា ៨ពូល ប្រកួតគ្នាជម្រុះយក ២ក្រុមតាមពូលនីមួយៗដើម្បីឡើងទៅវគ្គបន្ទាប់ទៀត ហើយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅក្នុងសាលបាល់ទះនៃពហុកីឡដ្ឋានអូឡាំពិក៕