ក្រោយឈ្នះមេដាយមាសបន្តបន្ទាប់៣ឆ្នាំជាប់គ្នាពីស្ថាប័នធំៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានទាក់ទាញចំណាប់ អារម្មណ៍របស់ក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតស្រាបៀរ និងភេសជ្ជៈមកពីទូទាំងពិភពលោកហៅកាត់ថា VLB Berlin ដែលមានប្រភពមកពីទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ១៨៨៣ មកទស្សនកិច្ចសិក្សានៅរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា កន្លងទៅ។ ដំណើរទស្សនកិច្ចរបស់ VLB Berlin និង TBIG នេះគឺជាផ្នែកមួយនៃសន្និសីទស្រាបៀរលើកទី៨ (8th Brewing Conference) ហើយទស្សនកិច្ចមកកាន់ វឌ្ឍនៈ ប្រ៊ូវើរី នេះត្រូវបានស្នើឡើងបន្ទាប់ពីកិត្តិនាមរបស់ វឌ្ឍនៈ ប្រ៊ូវើរី ល្បីសុះសាយលើឆាកអន្តរជាតិដែលបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាទទួលបានមេដាយមាសរហូតដល់ ២១ ពានរង្វាន់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ពីស្ថាប័នអន្តរជាតិ Monde Selection និង World Beer Award ត្រឹមរយៈពេលតែជាង២ឆ្នាំនៃប្រតិបត្តិការ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ ជួយរឹតចំណងមិត្តភាពការទូតរវាង ប្រទេសនីមួយៗ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងរឹងមាំនៅលើឆាកអន្តរជាតិ ហើយខ្ញុំក៏សង្ឃឹមផងដែរថា ទស្សនកិច្ចនេះ នឹងបើកទ្វារ ព្រមទាំងឱកាសឲ្យពួកយើងអាចធ្វើដំណើរ និងជួបគ្នាបានកាន់តែច្រើនតាមរយៈការផលិតស្រាបៀរ។ ”
នេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់កូនខ្មែរ ដែលអាចផលិតនូវផលិតផលប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវ និងអ្នកជំនាញអន្តរជាតិអាចមកសិក្សាស្វែងយល់អំពីចង្វាក់ផលិតកម្មដែលប្រកបទៅដោយស្តង់ដារ និងគុណភាពខ្ពស់ទទួលស្គាល់ដោយ ISO 9001 និង ISO 22000 របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទន្ទឹមនឹងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បាននាំយកនូវទស្សនីយភាពរបាំបុរាណ និងក្បាច់គុនខ្មែរជាច្រើនទម្រង់ជូនដល់ភ្ញៀរអន្តរជាតិក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ខ្មែរ។ ទស្សនកិច្ចនេះ ពិតជាបានចូលរួមជួយជាប្រយោជន៍ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។