Skip to content
    ទំព័រដើម  »  កីឡាជាតិ

ថ្នាក់ដឹកនាំអូឡាំពិកកម្ពុជាជំរុញយូដូជាតិបណ្ដុះធនធានឈានដណ្ដើមមេដាយ​នៅអូឡាំពិក

កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានអញ្ជើញផ្ដល់វិញ្ញាបនបត្រ ដល់សិក្ខាកាមចំនួន២៥រូប ដែលបានចូលរួម សិក្សា វគ្គសាមគ្គីអូឡាំពិកស្ដីពី គ្រូបង្វឹកកីឡាយូដូ ថ្នាក់ជាតិ កម្រិត២ ឆ្នាំ២០២៤។

ជាលទ្ធផលបញ្ចប់វគ្គ ទទួលបានដូចខាងក្រោម
-និទ្ទេសល្អ មានចំនួន ១៥នាក់(ស្រី ៦នាក់) ស្មើនឹង ៧៥%
-និទ្ទេសល្អបង្គួរ ចំនួន ៣នាក់(ស្រី ២នាក់) ស្មើនឹង ២០%
-និទ្ទេសមធ្យម ចំនួន ២នាក់(ស្រី ១នាក់) ស្មើនឹង ១០%

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថា វគ្គសិក្សានេះជាឱកាសដ៏កម្រ ព្រោះការបើកវគ្គតាមសហព័ន្ធអូឡាំពិកមានច្រើន ទម្រាំបានដល់វគ្គម្ដងទៀតត្រូវរង់ចាំ៥ឆ្នាំ។ ឯកឧត្ដមក៏ថ្លែងអំណរគុណដល់ការលះបង់ពេលវេលា និងបានសរសើរការរៀបចំយ៉ាងល្អពីខេមរៈសហព័ន្ធយូដូ។

ឯកឧត្ដមរំពឹងថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងទៅអភិវឌ្ឍផ្លាស់ប្ដូរជំនាញកីឡាយូដូ ចែករំលែកទៅដល់កូនសិស្ស និងអ្នកស្រលាញ់កីឡាយូដូ។ ម្យ៉ាងទៀត ការសិក្សាជំនាញកីឡាប្រែប្រួល មានភាពជឿនលឿន វិវឌ្ឍរាល់ថ្ងៃ រាល់ពេលសូម្បីតែបទបញ្ជាការប្រកួត។

មិនតែប៉ុណ្ណោះកីឡាយូដូនៅខ្សត់ខ្សោយធនធានគ្រូផង។ ដូច្នេះត្រូវរួបរួមគ្នាអភិវឌ្ឍយូដូ គិតពីប្រយោជន៍កីឡាយូដូជាធំ។ គោលបំណងធំមួយនោះ គឺចង់បានមេដាយអូឡាំពិកមួយ ហេតុនេះត្រូវតែរកអ្នកមានទេពកោសល្យពិសេសបណ្ដុះយុវជនពីអាយុ១០ឆ្នាំឡើង។
គម្រោងរបស់ NOCC ចាប់ពីឆ្នាំ២០២៥ គឺរៀបចំផែនការរកមេដាយអូឡាំពិក នៅ២០២៨៕