ប្រសិនប្រិយមិត្តមិនពិនិត្យដិតដល់ទេប្រហែលជាគិតថាកីឡាករលេខ២៥របស់ក្រុមU19 សមាគមកីឡាបាល់ទាត់ ខ.ភ.ម ជាកីឡាករបរទេសឬកូនកាត់អ្វីហើយ តែជាក់ស្តែងគឺជាកីឡាករសញ្ជាតិខ្មែរយើងនោះទេ។ យុវជន ជ សុវិសាល សមាជិកក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បាននិយាយអំពីរបៀបនៃការតែងខ្លួនប្លែកដែលទុកពុកចង្កាស្រមូមៗខុសពីយុវជនវ័យស្របក់ស្របាលគ្នាថា រូបគេយកលំនាំតាមអតីតខ្សែការពារក្រុម Real Madrid កីឡាករ Sergio Ramos ។
កូនអ្នកប៉ោយប៉ែតកម្ពស់បានដដែលថារូបគេចាប់ផ្តើមលេងស្ទីលទុកពុកមាត់ ស្របពេលជាមួយគេប្តូរតួនាទីលេងពីខ្សែការពារកូដស្តាំមកលេងតំណែងជាខ្សែការពារកណ្តាលចំនេះតែម្តង។ ដោយសារតែចិត្តស្រឡាញ់ម៉ូតពុកចង្កាបែបនេះ យុវជនវ័យ១៩ឆ្នាំនេះបន្តថាគេតែងតែមើលថែពុកមាត់ជាប់ ដោយតែងតែកាត់ថែជាទូទៅ២-៣ថ្ងៃម្តងជាប្រចាំ។
ទន្ទឹមគ្នាដែរ ខ្សែការពារកើតឆ្នាំ២០០៥ខាងលើថាតាមរយៈអំណោយផលកាយសម្បទាធំខ្ពស់របស់ខ្លួន រូបគេបានបង្ហាញគោលដៅចង់មានឱកាសលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។ ពិសេសចង់មានឈ្មោះលេងក្នុងពានរង្វាន់ ASEAN U19 Boys’ Championship 2024 ជាមួយនឹងមហិច្ឆតាចង់កែប្រែប្រវត្តិសាស្ត្រកម្ពុជាក្នុងនាមជាយុវជនជំនាន់ថ្មី។
ជ សុវិសាល សម្រាប់ការបង្ហាញខ្លួនក្នុងពានរង្វាន់លីគពានរង្វាន់ជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៩ឆ្នាំ បាន៦សប្តាហ៍កន្លងមកនេះក្នុងនាមជាខ្សែការពាររូបគេក៏អាចរកគ្រាប់បាល់ស៊ុតបញ្ជូលទីបាន១គ្រាប់ដែរ។ បន្ថែមពីនេះរូបគេរួមចំណែកជួយក្រុមឱ្យឈរនៅចំណាត់ថ្នាក់លេខបីនៃតារាងពិន្ទុសរុបផងដែរ៕