Skip to content
គម្រោងនៃការដោះដូររបស់ Manchester United នៅខែមករាខាងមុខនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

គម្រោងនៃការដោះដូររបស់ Manchester United នៅខែមករាខាងមុខនេះ

ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer អស់រយៈពេលជិតពីរឆ្នាំ ក្រុមបិសាចក្រហម Manchester United ពុំទាន់មានភាពនឹងនរនៅឡើយទេ ដោយពួកគេត្រូវការកីឡាករបន្ថែម ជាពិសេសខ្សែប្រយុទ្ធ Jadon Sancho ដែលបរាជ័យក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford អំឡុងទីផ្សារដោះដូរនារដូវក្ដៅកន្លងទៅ។

ខ្សែប្រយុទ្ធស្លាបស្ដាំជនជាតិអង់គ្លេសរូបនេះ នៅតែជាកីឡាករគោលដៅសំខាន់ដែលលោក Solskjaer ចង់នាំយកមកចូលក្រុម ប៉ុន្ដែឱកាសដែលក្លិប Borussia Dortmund លក់ Sancho កាន់តែតិចតួចស្ដួចស្ដើង ព្រោះពួកគេមិនចង់ទទួលសំណើណាមួយឡើយ រហូតដល់ចប់រដូវកាល។

ទោះយ៉ាងណាក្ដី ស្ថានភាពហរិញ្ញវត្ថុ អាចជាកត្តាមួយដ៏សំខាន់ ជួយឱ្យ Man United អាចនាំយក កីឡាករឆ្នើមរបស់ក្លិបអាល្លឺម៉ង់ មកអង់គ្លេសវិញបាន។ យើងមានតែរង់ចាំមើលថាតើ Dortmund អាចនឹងផ្លាស់ប្ដូរគោលជំហររបស់ពួកគេឬយ៉ាងណា។

សម្រាប់ជម្រើសដទៃផ្សេងទៀត ក៏ត្រូវបានយកមកពិចារណាផងដែរ។ Man United អាចនឹងមានឱកាសក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធ Ousmane Dembele ពី Barcelona នាខែមករាខាងមុខ ប៉ុន្ដែពួកគេក៏មានឆន្ទៈក្នុងការពិភាក្សាជុំវិញការផ្ទេរ ខ្សែប្រយុទ្ធ Ismaila Sarri របស់ក្លិប Watford ផងដែរ ប្រសិនបើឱកាសហុចឱ្យ។

ព័ត៌មាននៃការផ្ទេរ Dayot Upamecano មកកាន់ក្លិប Manchester United ក៏មិនសូវខុសគ្នាពី Sancho ប៉ុន្មានដែរ។ ក្លិប RB Leipzig នឹងមិនលក់កីឡាករសំខាន់របស់ពួកគេនៅខែមករានោះទេ ។ ទោះបីក្លិបបិសាចក្រហម ប៉ុនប៉ងចង់បានខ្សែការពារបារាំងរូបនេះ យ៉ាងណាក៏ដោយ Leipzig បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងរដូវកាលនេះ Upamecano ជាផ្នែកសំខាន់បំផុតសម្រាប់ពួកគេ។

ចង់មិនចង់ Man United មានតែត្រៀមសំណើចាំដាក់នៅលើតុរបស់ក្លិបអាល្លឺម៉ង់ នៅពេលដែលទីផ្សារដោះដូរនៅ រដូវក្ដៅឆ្នាំ ២០២១ ដំណើរការ។ កីឡាករវ័យ២២ឆ្នាំ ដែលជាគោលដៅធំមួយសម្រាប់ Man United មានតម្លៃផ្ទេរ ៤២លានផោន ប៉ុន្ដែពួកគេត្រូវប្រឈមនឹងការប្រជែងពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich ដែលចង់បាន Upamecano មកពង្រឹងនៅតំបន់ការពារផងដែរ។

បញ្ហាសំខាន់ផ្សេងមួយទៀតដែល Man United ត្រូវដោះស្រាយផងដែរ គឺការចាកចេញរបស់កីឡាករឆ្នើម ដែលនៅក្នុងចំណោមនោះមាន អ្នកចាំទី Dean Henderson ម្នាក់ផងដែរ។

កីឡាករអង់គ្លេសរូបនេះ អាចនឹងមានការខកចិត្តសម្រាប់ការនៅបន្ដ ដោយសារមិនទទួលបានឱកាសក្នុងការចូលលេងនៅ Premier League ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ ហើយអាចនឹងចាកចេញពីទឹកដី Old Trafford ក្រោមលក្ខខណ្ឌខ្ចីម្ដងទៀត។

ក្លិបស្កុតឡែន Celtic អាចជាក្លិបគោលដៅដែល Henderson អាចនឹងផ្លាស់ទៅចូលរួម ខណៈ Man United ពេញចិត្តក្នុងការបើកចំហរឱ្យពួកគេខ្ចីកីឡាករឆ្នើមរូបនេះ។

អ្នកចាំទី Sergio Romero, Marcos Rojo និង Phil Jones ត្រូវបានគេរំពឹងថា ជាកីឡាករដែលលោក Solskjaer ត្រូវបញ្ចេញពីក្រុមផងដែរ៕