Xabi Alonso ដែលទើបដឹកនាំកូនក្រុម Bayer Leverkusen ប្រកួតមិត្តភាពទល់ Arsenal កាលពីថ្មីៗនេះ ធ្លាប់មានបំណងក្នុងការផ្លាស់កាន់ក្លឹបកាំភ្លើង កាលនៅជាកីឡាករ។ នេះបើតាមការបង្ហើបឱ្យដឹងពីមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញ Cesc Fabregas។
Alonso ដែលបានដឹកនាំ Leverkusen ឈ្នះជើងឯក Bundesliga ដោយមិនស្គាល់បរាជ័យពេញមួយរដូវកាល បានត្រៀមខ្លួនចាកចេញពី Liverpool កាលពីឆ្នាំ២០០៩ ប៉ុន្ដែទំនងជាចង់បន្ដលេងនៅ Premier League។
លោកគឺជាកីឡាករឆ្នើមម្នាក់របស់ក្រុមហង្សក្រហម ប៉ុន្ដែអ្នកចាត់ការ Rafa Benitez មានគម្រោងក្នុងការលក់ចេញខ្សែបម្រើរូបនេះ។ ក្លឹប Arsenal មានការភ្ជាប់ជាមួយ Alonso នារដូវក្ដៅឆ្នាំនោះ ហើយយោងតាម Fabregas បានឱ្យដឹងថា ការផ្ទេរនេះអាចនឹងងាយស្រួលកើតមានឡើង។