អ្នកប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចេញដំណើរទៅចូលរួមប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។
អ្នកប្រណាំងវ័យក្មេង បានឱ្យដឹងថា នេះជាការប្រណាំងលើកដំបូងសម្រាប់គេ លើទីលានអន្តរជាតិ Sepang Circurt ស្តង់ដាម៉ូតូGP ដែលប្រជុំដោយកីឡាករខ្លាំងៗ ល្បីៗមកពីបណ្តាប្រទេសនានាក្នុងតំបន់។ ការប្រណាំងនេះវានឹងផ្តល់បទពិសោធច្រើន និងពង្រឹងសមត្ថភាព បច្ចេកទេស សម្រាប់រូបគេ ហើយនឹងខិតខំឲ្យអស់ពីសមត្ថភាព ដោយកន្លងមកមានតែបទពិសោធប្រណាំងទីលានក្នុងស្រុក និងទីលានខ្នាតតូចនៅប្រទេសថៃ។
អ្នកជំនាញម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បន្តថា បានចាប់អាជីពប្រណាំងម៉ូតូស្ព័រ ក្នុងឆ្នាំ២០១៩ ធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ ហើយលទ្ធផលដែលល្អជាងគេ គឺទទួលបានចំណាត់ថ្នាក់លេខ៥។ អ្វីដែលគេសង្កេតឃើញ គឺការខិតខំព្យាយាមធ្វើអោយការប្រណាំងក្នុងមួយជុំៗ នាទីកាន់តែតិចទៅៗ ល្អទៅៗ តែមិនទាន់ដល់កម្រិតប្រកួតប្រជែងយកលេខ១បាន។
អ្នកប្រណាំងវ័យក្មេងមកពីក្លឹបប្រណាំងមេគង្គរូបនេះ បន្ថែមថា ការចូលរួមប្រណាំងនេះ មិនរំពឹងបានល្អទេ ដោយសារខ្វះថវិកា និងមិនមានម៉ូតូខ្លួនឯង ដោយសារបញ្ហាច្បាប់ និងលក្ខខណ្ឌផ្សេងៗដែលយើងមិនអាចរៀបចំទាន់។
សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កីឡាករ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងវិញ្ញាសា ម៉ូតូស្ព័រ 600 cc Super Roki ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕