Vangelis Pavlidis បានឧទ្ទិសគ្រាប់បាល់របស់គេក្នុងប្រកួតជ័យជម្នះជាប្រវត្តិសាស្ត្រ ២-១ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិក្រិក ទល់អង់គ្លេស ក្នុងវគ្គជម្រុះ UEFA Nations League ទៅកាន់វិញ្ញាណក្ខណ្ឌរបស់មិត្តរួមក្រុម George Baldock វ័យ៣១ឆ្នាំ ដែលបានចែកឋានក្នុងសប្ដាហ៍នេះ។
គ្រាប់បាល់ពីរគ្រាប់រប់ស Pavlidis បានរួមចំណែកជួយក្រិកទទួលបានជ័យជម្នះជាលើកដំបូង ក្នុងជំនួប១០លើកចុងក្រោយទល់អង់គ្លេស។ ជ័យជម្នះយ៉ាងពិសេសមួយនេះ ២៤ម៉ោងបន្ទាប់ពីកីឡាករជម្រើសជាតិក្រិក Baldock បានលង់ទឹកស្លាប់ ក្នុងអាងហែលទឹកនៅផ្ទះរបស់គេ នាទីក្រុងអាតែន។
តាមដំណឹងបឋម ប៉ូលីសក្រិកបានបញ្ជាក់ថា ពុំមានភស្ដុតាងពាក់ព័ន្ធនឹងសកម្មភាពឃាតកម្មដែលបង្កឱ្យ អតីតសមាជិកក្លឹប Sheffield United បាត់បង់ជីវិតនោះទេ។
ក្នុងរាត្រីដ៏រំជើបរំជួល នាកីឡដ្ឋាន Wembley, Pavlidis បានអបអរគ្រាប់បាល់ទី១របស់គេ ក្នុងនាទីទី៤៩ ដោយចង្អុលទៅស្លាកពណ៌ខ្មៅ ដែលកីឡាករគ្រប់គ្នាបានពាក់ជាការឧទ្ទិសទៅកាន់ Baldock។
កីឡាកររបស់ក្រុមជម្រើសជាតិក្រិក ក៏បានលើកអាវដែលមានឈ្មោះ និងលេខរបស់ Baldock មុនពេលប្រកួត និងបន្ទាប់ពីរកគ្រាប់បាល់ទី១ ទល់អង់គ្លេស។ ហើយកីឡាករភាគច្រើនរបស់ក្រុមជម្រើសជាតិក្រិក បានសម្រក់ទឹកភ្នែក ពេលដែលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត បន្ទាប់ពី Pavlidis រកគ្រាប់បាល់ជ័យជម្នះសម្រាប់ពួកគេ។
ថ្លែងក្រោយចប់ការប្រកួត Pavlidis បាននិយាយថា៖ “វាពិតជាថ្ងៃដ៏ពិសេស សម្រាប់យើង ព្រោះតែ George។ យើងគិតពីគាត់ច្រើនណាស់ តាំងពីដឹងដំណឹងនេះកាលពីម្សិលមិញ។ វាពិតជាពេលវេលាដ៏លំបាកសម្រាប់យើង ព្រោះ George គឺជាផ្នែកមួយនៃក្រុម”។
“បុគ្គលដ៏ពិសេស។ យើងត្រូវតែលេងសម្រាប់គាត់ ហើយមិនខ្វល់ថាលទ្ធផលបែបណានោះទេ។ យើងផ្ដល់គ្រប់យ៉ាងសម្រាប់គាត់”។