Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Kamada កាន់តែរំពឹងខ្ពស់ថាជប៉ុននឹងទទួលបានកៅអី World Cup 2026 ក្រោយឈ្នះអារ៉ាប៊ី សាអ៊ូឌីត

ខ្សែបម្រើ Daichi Kamada របស់ក្លឹប Crystal Palace បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹងកក់កៅអីទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026 បើទទួលបានលទ្ធផលល្អ ក្នុងការប្រកួតទល់អូស្ត្រាលី នាសប្ដាហ៍ក្រោយ បន្ទាប់ពីក្រុមរបស់គេ រក្សាកំណត់ត្រាឈ្នះក្នុងវគ្គជម្រុះ។

ក្រុមជប៉ុនទទួលបានជ័យជម្នះ ២-០ លើអារ៉ាប៊ី សាអ៊ូឌីត នាទីក្រុងជេដាស កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលជាការឈ្នះ៣លើកជាប់គ្នារបស់ពួកគេក្នុងវគ្គជម្រុះ World Cup ជុំទី៣ ប្រចាំទ្វីបអាស៊ី។

ពេលនេះក្រុមបង្វឹកដោយលោក Hajime Moriyasu កំពុងកាន់កាប់តំណែងកំពូលតារាង មាន៩ពិន្ទុពេញ និងនាំមុខក្រុមលេខ២អូស្ត្រាលី ៥ពិន្ទុ។ ក្រុមដែលបញ្ចប់ពូលក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងកក់សំបុត្រយន្ដហោះទៅកាន់ជុំផ្ដាច់ព្រ័ត្រ World Cup ខណៈក្រុមលេខ៣ និងលេខ៤ នឹងត្រូវចូលរួមវគ្គជម្រុះជុំទី៤។

ក្រុមសាម៉ូរ៉ៃខៀវ នឹងជួបតតាំងជាមួយក្រុមលេខ២ អូស្ត្រាលី នាទីក្រុងសៃតាម៉ា នាថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយខ្សែបម្រើ Kamada ជឿជាក់ថា ក្រុមរបស់គេ នឹងធានាកៅអីប្រកួតជុំចុងក្រោយ World Cup ដែលអាមេរិក ម៉ិកស៊ីកូ និងកាណាដាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ជប៉ុន អតីតកីឡាករឆ្នើមរបស់ Eintracht Frankfurt រូបនេះ និយាយថា៖ “ប្រសិនបើយើងឈ្នះក្នុងប្រកួតបន្ទាប់ ព្រឹត្តិការណ៍ World Cup និងខិតកាន់តែកៀកមកពួកយើង ដូច្នេះយើងត្រូវតែប្រឹងប្រែងឱ្យបានខ្លាំងក្លា”។