ខ្សែបម្រើ Donny van de Beek, ភាពខ្វះខាតនៃការបញ្ចប់ទីរបស់ក្រុម Manchester City ក្ដីបារម្ភរបស់ Liverpool ក្រោយចាញ់ Atalanta និង សមត្ថភាពរកគ្រាប់បាល់របស់ Callum Hudson-Odoi ជាចំណុចគួរឱ្យចាប់អារម្មណ៍សម្រាប់បាល់ទាត់អង់គ្លេស ក្នុងការចូលរួមប្រកួតនៅ Champions League។
ខ្សែបម្រើចំណូលថ្មី Donny van de Beek របស់ Manchester United ជារឿយៗត្រូវបានលោក Ole Gunnar Solskjaer ដាក់ឱ្យអង្គុយនៅកៅអីបម្រុង។ ប៉ុន្ដែនៅក្នុងជំនួបទល់នឹង Istanbul Besaksehir ខ្សែបម្រើជនជាតិហុល្លង់ បង្ហាញវត្តមាននៅជម្រើសដំបូង និងសហការបានល្អនៅតំបន់បម្រើកណ្ដាលជាមួយ Fred។ កីឡាករដែល Man United នាំយកពី Ajax ក្នុងតម្លៃ ៣៥លានផោន គ្រប់គ្រង និង ចែកបាលបានល្អ ដែលនាំឱ្យក្រុមបិសាចក្រហម អាចរកបាន៣គ្រាប់ នៅ៤៥នាទីដំបូងនៃការប្រកួតទល់នឹងក្រុមទួរគី។
ជាមួយការបញ្ជូនបាល់ជោគជ័យ ៨៨ភាគរយ និងបង្កើតឱកាស២លើក បានបង្ហាញពីសមត្ថភាពល្អរបស់ Van de Beek សម្រាប់ការចូលលេងសម្រាប់ក្រុមបិសាចក្រហម ពេញម៉ោងលើកទី២ ក្នុងការជួយតំបន់ការពារ និង តំបន់ប្រយុទ្ធ ជាសារមួយបញ្ជាក់ថា រូបគេគួរតែទទួលបានឱកាសចូលលេង ច្រើនជាងអង្គុយនៅកៅអីបម្រុង។
Man City បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមនៅ Champions League ៨រដូវកាលជាប់គ្នា ទោះនៅសល់២ប្រកួតក្នុងដៃនៅវគ្គចែកពូល។ ក្រុមមេឃខៀវតែងទទួលបានជ័យជម្នះ ១៥ប្រកួតចុងក្រោយនៃវគ្គចែកពូលអឺរ៉ុបមួយនេះ។
ប៉ុន្ដែនៅមានបញ្ហាខ្លះៗ ដែលលោក Pep Guardiola ត្រូវកែតម្រូវ។ បើនិយាយពីភាពវិជ្ជមាន Man City បានរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់៣ប្រកួតជាប់គ្នា ជាលើកដំបូងនៅ Champions League ជាលើកដំបូងចាប់តាំងពីរដូវកាល ១៩៦៩-៧០ នៅពេលដែលពួកគេបានចូលរួម UEFA Cup Winners’ Cup។
បញ្ហាបច្ចុប្បន្នដែលក្រុមបង្វឹកដោយលោក Pep Guardiola ត្រូវដោះស្រាយគឺ ភាពច្បាស់លាស់នៃការបញ្ចប់ទី។ ពួកគេមានឱកាសស៊ុតបាន២២ពីរលើក ប៉ុន្ដែចំគោលដៅតែ៥០ភាគរយប៉ុណ្ណោះ ហើយចូលទីតែមួយគ្រាប់គត់ ដែលរកបានដោយខ្សែបម្រើវ័យក្មេង Phil Foden នៅនាទីទី៣៦។
សម្រាប់ហេតុផលខ្លះទៀត មកពីការបង្ហាញគុណផលដ៏ល្អរបស់អ្នកចាំទី Jose Sa របស់ក្រុម Olympiakos ដែលសង្គ្រោះបាល់បានជាច្រើនលើក ខណៈដែលកីឡាករឆ្នើម Devin de Bruyne ត្រូវបានអនុញ្ញាតឱ្យសម្រាក ហើយខ្សែប្រយុទ្ធឆ្នើម Sergio Aguero ត្រូវបានប្ដូរចូលនៅ១២នាទីចុងក្រោយនៃការប្រកួតជំនួស Gabriel Jesus។
Liverpool ខកឱកាសក្នុងការឈានទៅកាន់វគ្គ ១/៨ផ្ដាច់ព្រ័ត្រ Champions League ក្រោយពេលបរាជ័យនៅក្នុងទឹកដីរបស់ខ្លួន ក្រោមថ្វីជើង Atalanta ដោយលទ្ធផល ២-០ ធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ត្រូវប្រឹងប្រែងសម្រាប់ការប្រកួតខាងមុខ ដើម្បីអាចធានាទៅវគ្គខាងមុខបាន។
ដ្បិតជំនួបទល់នឹង Ajax នៅជុំបន្ទាប់អាចពិបាកធ្វើឱ្យ ក្រុមហង្សក្រហមពិបាកក្នុងការទទួលបានពិន្ទុ ប៉ុន្ដែ ពួកគេរំពឹងថា អាចនឹងយកឈ្នះក្រុម Midtjylland នៅជុំចុងក្រោយ។ លោក Klopp អាចនឹងមិនប្រថុយក្នុងការដាក់កីឡាករ ដែលមានបញ្ហាក្នុងការប្រកួតបរាជ័យទល់នឹង Atalanta សម្រាប់ជំនួបជាមួយក្រុមជើងឯកហុល្លង់ Ajax នៅជុំទី៥។
វត្តមានរបស់ Diogo Jota ជួយ Liverpool បានច្រើននៅតំបន់ប្រយុទ្ធ ខណៈដែលកីឡាករនៅតំបន់ការពារកណ្ដាលនៅតែរ៉ាប់រងតួនាទីបានល្អ ជំនួសអវត្តមានរបស់ Virgil van Dijk និង Joe Gomez។
ទោះយ៉ាងណាក្ដី កីឡាករតំបន់ការពារស្លាបទាំងសងខាងលេងពុំសូវបានល្អ ខណៈ Divock Origi ក៏លេងពុំសូវបានល្អផងដែរនៅតំបន់ប្រយុទ្ធ។ ក្រុមរបស់លោក Klopp មានឱកាសស៊ុតបួនលើក សុទ្ធតែពុំចំគោលដៅ ខណៈក្រុមភ្ញៀវ Atalanta បង្កើតឱកាស៨លើក ស៊ុតចំគោលដៅ៤លើក និង រកបាន២គ្រាប់។
គ្រាប់បាល់របស់ Callum Hudson-Odoi ដែលរួមចំណែកជួយឱ្យ Chelsea ឆ្លងផុតវគ្គចែកពូល បានឆ្លើយតបទៅនឹងអ្នករិះគន់លើការលេងរបស់គេ។ បញ្ហារបួសបានរារាំងឱកាស Hudson-Odoi ក្នុងការបង្ហាញសក្ដានុពល ក្រោមការបង្វឹករបស់លោក Frank Lampard ដែលផ្ដល់ឱកាសឱ្យរូបគេចូលលេងបានត្រឹមតែ៨ប្រកួតប៉ុណ្ណោះ ចាប់តាំងពីលោកបានចូលខ្លួនមកកាន់តំណែងនៅទឹកដី Stamford Bridge។
ការលេងរបស់ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំអាចបង្កការលំបាកសម្រាប់លោក Lampard ក្នុងការជ្រើសរើសកីឡាករក្នុងជម្រើសនាក់ដំបូង។ ហើយបើគិតចាប់តាំងពី ការចូលរួមប្រកួតពានអឺរ៉ុបជាលើកដំបូងតាំងពី ខែតុលាឆ្នាំ ២០១៨ មក Hudson-Odoi រកគ្រាប់បាល់បញ្ចូលទីបាន ៦គ្រាប់ ដោយនៅក្នុងចំណោមមិត្តរួមក្រុម Chelsea បច្ចុប្បន្នទាំងអស់មានតែខ្សែប្រយុទ្ធបារាំង Olivier Giroud ម្នាក់ប៉ុណ្ណោះ ដែលមានគ្រាប់បាល់ច្រើនជាង ពោលគឺ១២គ្រាប់៕