Skip to content
សាររំលែកទុក្ខពីបុគ្គលល្បីៗ ចំពោះមរណភាពដ៏ក្រៀមក្រំរបស់ Diego Maradona
    ទំព័រដើម  »  កីឡាអន្តរជាតិ

សាររំលែកទុក្ខពីបុគ្គលល្បីៗ ចំពោះមរណភាពដ៏ក្រៀមក្រំរបស់ Diego Maradona

មរណភាពរបស់ វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ដោយជំងឺគាំងបេះដូង ជាដំណឹងដ៏ក្រៀមក្រំមួយ ហើយមានសាររំលែកទុក្ខជាច្រើនរំលេចជុំវិញពិភពលោក ដើម្បីបង្ហាញជាការសោកស្ដាយ សម្រាប់ការបាត់បង់បុគ្គលឆ្នើមក្នុងវិស័យបាល់ទាត់រូបនេះ។

Maradona បានសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺ នៅពេលដែលលោកបាន ជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup 1986 នៅម៉ិកស៊ីកូ។ មិនតែប៉ុណ្ណោះវីរបុរសក្លិប Napoli និង Barcelona រូបនេះ ត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតលើលោកមួយរូបផងដែរ។

ចំពោះការបាត់បង់បុគ្គលសំខាន់ ដែលបានជួយលើកស្ទួយវិស័យបាល់ទាត់ មានការរំលែកទុក្ខពីគ្រប់មជ្ឈដ្ឋាន ដែលក្នុងនោះរួមមាន វីរបុរសប្រេស៊ីល Pele រួមជាមួយកំពូលកីឡាករបច្ចុប្បន្ន Crisitano Ronaldo និង Lionel Messi ជាដើម។

អតីតខ្សែប្រយុទ្ធប្រេស៊ីល Pele បានសរសេរថា៖ “ខ្ញុំបានបាត់បង់មិត្តដ៏ល្អម្នាក់ ហើយពិភពលោកក៏បាត់បង់វីរបុរសម្នាក់ដែរ ខ្ញុំសង្ឃឹមថាពួកយើងនឹងបានលេងបាល់ជាមួយគ្នា នៅឋានលើនៅថ្ងៃណាមួយ”។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានសរសេរនៅលើគណនី Instagram របស់ខ្លួនថា៖ “នេះជាថ្ងៃដ៏សោកសៅមួយ សម្រាប់ប្រជាជនអាហ្សង់ទីនទាំងអស់ និងសម្រាប់បាល់ទាត់ផងដែរ។ គាត់បានចាកចេញពីយើង ប៉ុន្ដែមិនបាត់ទៅណាឡើយ ព្រោះ Diego គឺនៅជារៀងដរាប។ ខ្ញុំចងចាំរាល់ពេលវេលាដ៏ល្អៗយើងបានចំណាយជាមួយគ្នា ហើយខ្ញុំសូមផ្ញើការរំលែកទុក្ខទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិរបស់គាត់”។

ដោយឡែក ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានសរសេរថា៖ “ថ្ងៃនេះ ខ្ញុំសូមនិយាយពាក្យថាលា ទៅកាន់មិត្តម្នាក់ ហើយពិភពលោក និយាយថាលាទៅកាន់បុគ្គលដ៏មានទេពកោសល្យដ៏អស្ចារ្យ។ គាត់បានបន្សល់នូវកេរតំណែលគ្មានដែនកំណត់ ហើយមិនមានអ្នកអាចបំពេញបាន។ សូមទៅកាន់សុគតិភព, វីរបុរស។ អ្នកនឹងមិនត្រូវបានបំភ្លេចឡើយ”។

ក្នុងនោះដែរ ក្លិបបាល់ទាត់ទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាក៏បានចូលរួមសោកស្ដាយ ចំពោះការបាត់បង់ បុគ្គលដ៏មានឥទ្ធិពលចំពោះវិស័យបាល់ទាត់រូបនេះផងដែរ។