Shakhtar Donetsk ជាក្លឹបកីឡាបាល់ទាត់ជោគជ័យបំផុតទី២ក្នុងលីគកំពូលអ៊ុយក្រែន ដោយបានលើកពាន Ukrainian Premier League ១៥ដង គឺតិចជាងចំនួនជើងឯករបស់ Dynamo Kyiv តែ១លើកគត់ និងបានរកជើងឯង១៣រដូវកាលស្មើគ្នា។
ផ្ទះនិងមូលដ្ឋានអ្នកគាំទ្រដ៏ច្រើនរបស់ Shakhtar Donetsk នាពេលកន្លងមកគឺនៅក្នុងតំបន់ Donetsk ប៉ុន្តែក្លឹបនេះត្រូវបានបង្ខំឱ្យផ្លាស់ចេញពីខេត្តនេះតាំងពីឆ្នាំ២០១៤ ដោយសារសង្គ្រាមនៅដុនបាស។ ពួកគេបានផ្លាស់ទៅលេងការប្រកួតក្នុងទឹកដីរបស់ពួកគេនៅទីក្រុង Lviv ពីឆ្នាំ២០១៤ដល់២០១៦ រួចបន្តចល័តទៅ Kharkiv ពី២០១៧ដល់២០២០ ខណ:ពួកគេមានការិយាល័យទីស្នាក់ការកណ្ដាលនិងទីលានហ្វឹកហាត់នៅរដ្ឋធានី Kviv។ ក្នុងខែឧសភាឆ្នាំ២០២០ Shakhtar Donetsk បានលេងការប្រកួតក្នុងទឹកដីនៅកីឡដ្ឋាន NSC Olimpiyskyi ក្នុងរដ្ឋធានី Kyiv។ ប៉ុន្តែចាប់ពីដើមរដូវកាល២០២៣-២៤មក ពួកគេបានត្រឡប់ទៅលេងការប្រកួតក្នុងទឹកដីនៅកីឡដ្ឋាន Arena Lviv ក្នុងទីក្រុង Lviv សាជាថ្មី។
នៅរាត្រីថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤នេះ Shakhtar Donetsk ក្នុងនាមជើងឯកលីគកំពូលអ៊ុយក្រែនរដូវកាល២០២៣-២៤ នឹងប្រកួត UEFA Champions League នៅទឹកដី Arsenal ក្នុងរាជធានីឡុងដុង ប្រទេសអង់គ្លេស។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពួកគេបានធ្វើដំណើរពីមូលដ្ឋានហ្វឹកហាត់ក្នុងរដ្ឋធានី Kyiv ឆ្ពោះទៅទីក្រុង Lviv តាមរថយន្តក្រុង រួចឈប់នៅទីនោះ១យប់ដើម្បីហ្វឹកហាត់។ បន្ទាប់មក នៅថ្ងៃអាទិត្យ ពួកគេឆ្លងព្រំដែនទៅកាន់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ ដើម្បីជិះយន្តហោះឆ្ពោះទៅឡុងដុង ដើម្បីប្រកួតទល់នឹង Arsenal យប់នេះ។
លោក Sergei Palkin អគ្គនាយកក្លឹប Shakhtar Donetsk និយាយថា ពេលយើងមកដល់ភ្លាម យើងចាញ់ប្រៀបភាពប្រកួតប្រជែងគូប្រកួតរបស់យើងរួចទៅហើយ ដោយសារតែលក្ខខណ្ឌកាយសម្បទានិងផ្លូវចិត្តរបស់ពួកយើង។ ការចាយពេល២ថ្ងៃនៅក្នុងឡានក្រុងនិងនៅក្នុងយន្តហោះ គឺពិបាកណាស់។
តាំងពីមានសង្គ្រាមផ្ទុះឡើងនៅដុនបាសតាំងពីឆ្នាំ២០១៤មកដោយក្រុមផ្ដាច់ទឹកដីនៅភាគខាងកើតអ៊ុយក្រែន រហូតដល់សង្គ្រាមរីករាលដាលទ្រង់ទ្រាយធំដោយការចូលលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក ក្រុម Shakhtar Donetsk បានប្រកួត Champions League ក្នុងទឹកដីនៅ៦ទីក្រុងផ្សេងៗគ្នា រួមទាំងការលេងនៅក្រៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាលេងនៅ Warsaw ប្រទេសប៉ូឡូញ និងទីក្រុង Hamburg និង Gelsenkirchen ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ លោក Palkin ដដែល និយាយថា «តើអ្នកយល់អំពីប្រភេទជីវិតដែលពួកយើងកំពុងជួបនេះទេ? ប្រសិនអ្នកមើលទៅប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប គ្មានក្លឹបណាដូចពួកយើងទេ ប្រវត្តិសាស្ត្ររបស់ពួកយើងគឺតានតឹងណាស់ ខ្លាំងណាស់ ហើយក៏ពិបាកណាស់ដែរ»។
ក្នុងអតីតកាល Shakhtar Donetsk ពូកែខាងការស្វែងរកកីឡាករប្រេស៊ីលមកបណ្ដុះបណ្ដាលហើយលក់ចេញក្នុងតម្លៃខ្ពស់ៗ ពិសេសរវាងឆ្នាំ២០០៥ដល់២០០៩ ដូចជា Fernandinho, Willian, Jadson, Illsinho, Elano និង Luis Adriano ជាដើម ដែលបានជួយពួកគេលើកពាន UEFA Cup 2009។ នៅឆ្នាំបន្តបន្ទាប់មកទៀត Shakhtar Donetsk បាននាំចូលកីឡាករដូចជា Douglas Costa, Alex Teixeira, Fred និងកីឡាករឡាទីនមានទេពកោសល្យនានាទៀត រួមទាំងកីឡាករមកពីប្រទេសជិតៗក្នុងទ្វីបអឺរ៉ុប ដូចជាខ្សែបម្រើអាមេនី Henrikh Mkhitaryan ជាដើម។
ក្នុងខែសីហាឆ្នាំ២០០៩ Shakhtar Donetsk បានសម្ពោធកីឡដ្ឋានថ្មីដ៏ទំនើបទាន់សម័យ គឺ Donbas Arena មានចំណុះ៥២០០០នាក់ ដោយមានកំពូលតារាចម្រៀងអាមេរិក Beyonce មកសម្ដែងក្នុងពិធីសម្ពោធថែមទៀតផង។ ក្នុងឆ្នាំ២០១២ កីឡដ្ឋាននេះក៏ជាទីតាំងមួយដែលទទួលការប្រកួត Euro 2012 ផងដែរ គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង អេស្ប៉ាញ និង ព័រទុយហ្គាល់។ តែ២ឆ្នាំក្រោយមក កីឡដ្ឋាននេះក្លាយជាកន្លែងស្ងាត់ជ្រងំទៅវិញ ដោយសារតែការចូលគ្រប់គ្រងរបស់ក្រុមផ្ដាច់ទឹកដី។
លោក Palkin និយាយថា «ពួកយើងបានបាត់បង់អ្នកគាំទ្រនៅស្រុករបស់ពួកយើង ពួកយើងបានបាត់បង់កីឡដ្ឋានដ៏ស្រស់ស្អាត ដោយសារកាលណោះវាជាកីឡដ្ឋានស្អាតបំផុតមួយក្នុងទ្វីបអឺរ៉ុប។ ពួកយើងបានបាត់បង់ទីក្រុងរបស់ពួកយើង ពួកយើងបានបាត់បង់ជំរំហ្វឹកហាត់របស់យើង។ ស្ថានភាពកាន់តែអាក្រក់ឡើងៗ។ សព្វថ្ងៃនេះសូម្បីតែចង់ទាក់ទងជាមួយមនុស្សនៅទីនោះក៏សឹងតែមិនអាចទាក់ទងគ្នាបានផង»។
ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ Shakhtar Donetsk ផលិតបានកីឡាករដូចជា អ្នកចាំទី Anatoliy Trubin ដែលពួកគេលក់ទៅឱ្យ Benfica និងខ្សែប្រយុទ្ធ Mykhailo Mudryk ដែលពួកគេបានលក់ឱ្យ Chelsea ក្នុងតម្លៃឯតទគ្គកម្មក្លឹបគឺ៨៩លានផោន។
នាយកផ្នែកយុទ្ធសាស្ត្រនិងទំនាក់ទំនងរបស់ Shakhtar Donetsk ខាងលើ បានបន្ថែមថាជាច្រើនឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលរបស់ក្លឹបពឹងលើការលក់កីឡាករល្អៗនិងប្រាក់ឧបត្ថម្ភពី UEFA។ រីឯចំណូលពីក្រុមហ៊ុនឧបត្ថម្ភវិញសឹងតែសូន្យ ហើយចំណូលលពីការលក់សំបុត្រក៏មិនមានដែរដោយសារកីឡដ្ឋានត្រូវបានហាមមិនឱ្យមានទស្សនិកជនចូលទស្សនា ចាប់តាំងពីរុស្ស៊ីចូលលុកលុយ។
ទោះបីយ៉ាងណា ក្លឹប Shakhtar Donetsk បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ជនរងគ្រោះដោយសារសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី តាមរយ:ការរៀបចំការប្រកួតមិត្តភាពប្រមូលថវិកាសម្បុរសធម៌ និងបែងចែកចំណូលថវិកាបានពីការលក់កីឡាករយកទៅជួយសាងសង់ផ្ទះដល់គ្រួសារដែលបាត់បង់ជម្រក និងជួយដល់គម្រោងការងារសង្គមផ្សេងៗទៀត ហើយព្រមទាំងបានបង្កើតក្រុមបាល់ទាត់ជនមានពិការភាពផងដែរ ដើម្បីជួយផ្ដល់ឱកាសដល់ពួកគេឱ្យមានផ្លូវចិត្តរឹងមាំ និងអាចចូលរួមសកម្មភាពផ្នែកកាយសម្បទានិងសង្គម ទោះបីបាត់បង់អវ:យវ:ដោយសារសង្គ្រាមក៏ដោយ។ Shakhtar Donetsk ក៏ជួយដល់កុមារដែលក្លាយជាក្មេងកំព្រាដោយសារឪពុកម្ដាយស្លាប់ក្នុងសង្គ្រាម ក៏ដូចជាជួយស្ដារផ្លូវចិត្តដល់ទាហានការពារទឹកដីដែលបានរងរបួសផងដែរ។ លោក Yurii Svyrydov នាយកផ្នែកយុទ្ធសាស្ត្រនិងទំនាក់ទំនងរបស់ក្លឹប Shakhtar Donetsk បាននិយាយថាតាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភ:ឆ្នាំ២០២២មក ប្រជាជនអ៊ុយក្រែនប្រមាណ១សែននាក់បានក្លាយជាជនពិការដែលបាត់បង់អវយវកម្រិតធ្ងន់៕