Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក Tommy Kim ត្រៀមខ្សែក្រវាត់រង្វាន់ឈុតធំ២ខ្សែ សម្រាប់កីឡាករជើងថ្មីដែលមានសមត្ថភាព

ក្នុងឱកាសចុះអនុស្សារណៈនៃកិច្ចសហការណ៍រៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី៤ និងមហាព្រឹត្តិការណ៍តន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស លោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនបានបញ្ជាក់ច្បាស់ៗថាសម្រាប់រដូវកាលថ្មីស្ថានីយក៏ដូចជាដៃគូឧបត្ថម្ភនឹងត្រៀមខ្សែក្រវាត់២គ្រឿងថ្មីទៀតសម្រាប់ដាក់ឱ្យអ្នកប្រដាល់គុនខ្មែរឱ្យចូលខ្លួនវាយដណ្តើមក្នុងរជ្ជកាលថ្មីនេះ ពិសេសគឺពន្លកថ្មី និងកីឡាករដែលមិនទាន់មានខ្សែក្រវាត់កាន់កាប់នៅឡើយ។ លើសពីនេះ បុរសមានឈ្មោះពិតថា គីម ស្រ៊ុនកុសល់ ថានៅពេលនេះលោកសុំលាក់នៅគីឡូដែលត្រូវលេងសិន ប៉ុន្តែលោកអាចជម្រាបបានថាប្រាក់រង្វាន់សម្រាប់ម្ចាស់ខ្សែក្រវាត់មានរហូតទៅដល់ ១២០០០ ដុល្លារឯណោះ។

ជាមួយគ្នាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាដដែលក៏បានបង្ហើបថាសម្រាប់រដូវកាលទី៤នៃមហាព្រឹត្តិការណ៍ Wurk ប្រដាល់គុនខ្មែរប្រចាំប្រទេសនេះ Town ក៏នឹងត្រៀមនាំយក Superstar ល្បីៗពីជុំវិញពិភពលោកមកអង្រួនកម្មវិធីផងដែរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហការ (MOU) រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងស្ថានីយទូរទស្សន៍ថោន មានការចូលរួមពីកីឡាករគុនខ្មែរជួរមុខប្រមាណ 40នាក់ និងតារាចម្រៀងប្រចាំផលិតកម្មថោនជាច្រើនរូបផងដែរ៕