អតីតជំនួយការគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Steve Holland ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹបជប៉ុន Yokohama F-Marinos កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ជំនួសលោក Harry Kewell ដែលបានចាកចេញពីតំណែង តាំងពីខែកក្កដា ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរ។
ក្រុមជើងឯកលីគកំពូលជប៉ុន៥សម័យ Yokohama ចាប់ផ្ដើមរដូវកាលក្រោមការដឹកនាំដោយអតីតខ្សែប្រយុទ្ធ Liverpool លោក Kewell ប៉ុន្ដែបានបញ្ចប់តំណែងរបស់លោកនៅពាក់កណ្ដាលរដូវកាល ហើយដាក់គ្រូជំនួយ John Hutchinson ជាគ្រូបង្គោលបណ្ដោះអាសន្ន។
គ្រូបង្វឹកវ័យ៥៤ឆ្នាំ Holland ទទួលបានការងារថ្មី ក្រោយទំនេរតាំងពីលោក Gareth Southgate និងក្រុមការងារគ្រូបង្វឹករួមមានរូបលោកផងដែរ បានចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កាលពីខែកក្កដា បន្ទាប់ពីអង់គ្លេសបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2024។
លោក Southgate និងលោក Holland បានរួមចំណែកជួយក្រុមតោកំណាចអង់គ្លេស ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Euro ពីរលើក និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup ម្ដង ក្នុងរយៈពេល៨ឆ្នាំជាមួយគ្នា។
ក្រោយត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Marinos បុរសជនជាតិអង់គ្លេស បាននិយាយថា៖ “គោលដៅរបស់យើងគឺប្រជែងពានរង្វាន់ម្ដងទៀត ហើយយើងនឹងព្យាយាមលេងរបៀបវាយសម្រុក។ ខ្ញុំមានគោលដៅកសាងក្រុមឱ្យមានស្ថិរភាព ក្នុងការប្រជែងកម្រិតខ្បស់ តាមរយៈការប្រកួតប្រជែងខ្ពស់ និងការរួបរួមជាក្រុមមួយ”៕