Skip to content
    ទំព័រដើម  »  កីឡាជាតិ

វគ្គសិក្សាគ្រូបង្វឹកហែលទឹកនឹងរួមចំណែកផលិតធនធានគ្រូ និងអត្តពលិកកាន់តែច្រើន

វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ មកនោះបានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក រំពឹងថា សិក្ខាកាមដែលជាគ្រូបង្វឹកវ័យក្មេងទាំងអស់ និងក្លាយជាធនធានរួមចំណែកផលិតបានធនធានកីឡាករកីឡាការិនីហែលទឹកវ័យក្មេងល្អៗជូនកម្ពុជាពោពេញដោយសក្កានុពលនាពេលខាងមុខ។

ចំណែកលោក Miguel Lopez គ្រូឧទ្ទេសប្រចាំកម្មវិធីមើលឃើញថា អត្តពលិកកីឡាហែលទឹកកម្ពុជាមានកើនឡើងសមត្ថភាពគួរកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ តែក្នុងនោះសហព័ន្ធក៏ត្រូវការបន្ថែមគ្រូជំនាញឱ្យបានច្រើនទៀតដែរ។ ដូច្នេះ វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ អាចបន្ថែមបានធនធានគ្រូបង្វឹកច្រើនទៀត។ លោកថា ជាការពិតណាស់ ការសិក្សារៀនសូត្រមិនមែនបញ្ចប់ត្រឹមតែកម្រិត១នោះទេ ពោលគឺការសិក្សានូវមានកម្រិតទី២និងទី៣ជាច្រើនទៀត ប៉ុន្តែវគ្គកម្រិតទី១នេះ មានមូលដ្ឋានគន្លឹះមេរៀនជាច្រើន ពាក់ព័ន្ធនៃផែនការជាគ្រូបង្វឹក ដើម្បីបង្ហាត់ដល់កីឡាករកីឡាការិនីឱ្យមានគុណភាព និងសក្តានុពល។

សម្រាប់សិក្ខាកាមចូលរួមចំនួន ២៥នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន៕