ក្រុមការពារជើងឯកពានអឺរ៉ុប Real Madrid នឹងជួបតតាំងទល់ក្រុមជើងខ្លាំងមកពីម៉ិកស៊ីកូ Pachuca ក្នុងវគ្គផ្ដាច់ព្រ័ត្រ Intercontinental Cup នាថ្ងៃពុធនេះ ក្នុងកីឡដ្ឋាន Lusail នៅទីក្រុងដូហា ប្រទេសកាតារ ជាទីដែលខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបអេស្ប៉ាញ Kylian Mbappe ខកចិត្តម្ដងរួចមកហើយ កាលពី២ឆ្នាំមុន។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងការដណ្ដើមពានរង្វាន់ FIFA World Cup 2022 ទល់អាហ្សង់ទីន ដោយលទ្ធផលត្រូវបានសម្រេចដោយការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី ហើយក្រុមមកពីអាមេរិកខាងត្បូងដែលមាន Lionel Messi ជាប្រធានក្រុម ជាអ្នកទទួលបានជ័យជម្នះ បើទោះបីជា Mbappe រកគ្រាប់បាល់ហេតទ្រីគក៏ដោយ។
ពេលនេះ Mbappe និងមិត្តរួមក្រុមមាន់គកបារាំងពីររូបផ្សេងទៀតគឺ Aurelien Tchouameni និង Eduardo Camavinga បានត្រលប់មកកាន់ទីកន្លែងដែលពួកគេធ្លាប់ជួបការខកចិត្ត តែលើកនេះពួកគេរំពឹងលទ្ធផលល្អ ដ្បិត Real Madrid ត្រូវបានចាត់ទុកថាជាក្រុមមានប្រៀបក្នុងការប្រជែងជាមួយក្រុមមកពីទ្វីបដទៃ ក្នុងពានរង្វាន់ចម្រុះទ្វីប។
ក្រុមការពារជើងឯក UEFA Champions League, ដែលបានធានាកៅអីផ្ដាច់ព្រ័ត្រ Intercontinental Cup នឹងប្រកួតទល់ក្រុមមកពីលីគ Liga MX Pachuca ដែលទើបតែយកឈ្នះក្រុមជើងខ្លាំងអេហ្ស៊ីប កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Intercontinental Cup ជាពានរង្វាន់បង្កើតឡើងដោយ FIFA បន្ដពី Club World Cup ដែលធ្វើឡើងរៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ទើបមានការផ្លាស់ប្ដូរទម្រង់ថ្មី។
FIFA បានផ្លាស់ប្ដូរ Club World Cup ដោយបង្កើនក្រុមចូលរួមរហូតដល់៣២ក្រុម ហើយធ្វើឡើក្នុងរយៈពេល៤ឆ្នាំម្ដង ខណៈ Intercontinental Cup ប្រព្រឹត្តទៅរៀងរាល់ឆ្នាំ។