អ្នកចាត់ការ Manchester City លោក Pep Guardiola ត្រូវបានរាយការណ៍ថា ឈានដល់ការចែកផ្លូវគ្នាជាមួយភរិយា Cristiana Serra ដោយសារតែភាពមមាញឹកក្នុងការងារបាល់ទាត់ ហើយមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ។
ទោះបីជាមិនអាចបន្ដជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្ដែអ្នកទាំងពីរនៅតែរក្សាមិត្តភាពដដែល តែពុំមានមូលហេតុផ្លូវការណាមួយបញ្ជាក់ពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះឡើយ។ យោងតាម Daily Mail ការចែកផ្លូវគ្នារវាងលោក Guardiola និងអ្នកស្រី Serra ដោយសារតែមិនមានពេលវេលាសម្រាប់គ្នា។ អ្នកស្រី Serra បានត្រលប់ទៅរស់នៅទីក្រុង Barcelona ក្នុងឆ្នាំ២០១៩ ដោយនាំយកកូនស្រី Valentina វ័យ១៧ឆ្នាំ ទៅជាមួយ។ ការត្រលប់ទៅស្រុកកំណើតវិញ ដោយសារតែអ្នកស្រីចង់សម្រេចបំណងគ្រួសារ ក្នុងការងារវិស័យ Fashion។
យោងតាមប្រភពជិតស្និទ្ធនឹងលោក Guardiola បានប្រាប់សារព័ត៌មាន Daily Mail ថា៖ “ខ្ញុំគិតថា ពួកគាត់បានឈានដល់ការចែកផ្លូវគ្នា។ ប្រពន្ធរបស់គាត់បានចាកចេញពីទីក្រុងមែនឆេស្ទើរតាំងពី៥ឆ្នាំមុន ហើយទៅរស់នៅ Barcelona។ នេះជាសញ្ជាអវិជ្ជមានមួយ។ លោក Pep ពិតជាវក់នឹងការងារ ហើយមិនអាចចូលរួមជំនួញបែបគ្រួសារជាមួយគ្នាទេ ដែលអាចជះផលអវិជ្ជមានដល់ទំនាក់ទំនងរបស់ពួកគាត់”។
“ពួកគាត់ចែកផ្លូវគ្នាដោយប្ដូរមកជាមិត្តភាពវិញ ហើយខ្ញុំមិនគិតថាដោយសារតែមានអ្នកផ្សេងពាក់ព័ន្ធនោះទេ”។
លោក Guardiola និងអ្នកស្រី Serra ជួបគ្នាដំបូងនៅទីក្រុងបារសេឡូណា ពេលដែលអតីតខ្សែបម្រើអេស្ប៉ាញ ជាអ្នកបង្ហាញម៉ូដសម្រាប់អ្នកឌីហ្សាញ Antonio Miro ក្នុងឆ្នាំ១៩៩៤។ អ្នកទាំងពីរបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៤ តែក្រោយមកមានការប្រឈមនឹងបញ្ហាមួយចំនួន ពេលដែលលោក Guardiola ផ្លាស់ទៅរស់នៅអាល្លឺម៉ង់ ពេលកាន់តួនាទីជាអ្នកចាត់ការ Bayern Munich។
ហើយបន្ទាប់ពីរស់នៅឆ្ងាយពីគ្នា រវាងទីក្រុងមែនឆេស្ទើរ និង បារសេឡូណាប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យចំណងស្នេហ៍រយៈពេល៣០ឆ្នាំត្រូវបានបញ្ចប់។
ក្រៅពីរឿងគ្រួសារ លោក Guardiola កំពុងស្ថិតក្នុងពេលវេលាដ៏ស្មុគស្មាញក្នុងការងារបាល់ទាត់ ដោយក្រុម Manchester City បានទទួលលទ្ធផលមិនគាប់ប្រសើរមួយរយៈចុងក្រោយ ហើយទើបតែរបូតពីរពិន្ទុក្នុងប្រកួត Premier League ទល់ Brentford នៅចុងម៉ោង បើទោះបីជាក្រុមមេឃខៀវមានឱកាសរកគ្រាប់បាល់នាំមុខពីរគ្រាប់មុនក៏ដោយ៕