បន្ទាប់ពីឈានដល់ការចែកផ្លូវគ្នាជាផ្លូវការជាមួយក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Hilal តារាឆ្នើមប្រេស៊ីល Neymar Jr. ត្រូវបានរាយការណ៍ថា នឹងត្រៀមខ្លួនត្រលប់ទៅស្រុកកំណើតវិញដើម្បីទៅចូលរួមអតីតក្លឹបរបស់គេ Santos ខណៈកីឡាករ Chelsea មួយរូបក៏អាចទៅចូលរួមជាមួយគេនៅទីនោះផងដែរ។
អតីតតារាឆ្នើមរបស់ Barcelona និង PSG, Neymar បានព្រមព្រៀងបញ្ចប់កុងត្រាទឹកប្រាក់២.៥លានផោនក្នុងមួយសប្ដាហ៍ជាមួយក្លឹប Al-Hilal ដោយការប្រកាសត្រូវបានធ្វើឡើងកាលពីដើមសប្ដាហ៍នេះ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ រកគ្រាប់បាល់បានតែមួយគ្រាប់ និង assist បាន៣គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៧លើករយៈពេល១ឆ្នាំកន្លះនៅទឹកដីអារ៉ាប៊ី សាអ៊ូឌីត ហើយគេបានខកខានជាច្រើនប្រកួតដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។
Neymar បានរងរបួស ACL អំឡុងបំពេញកាតព្វកិច្ចជូនក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងវគ្គជម្រុះ FIFA World Cup 2023 ទល់អ៊ុយរុយហ្កាយ ដែលធ្វើឱ្យគេត្រូវអវត្តមានពីទីលានមួយឆ្នាំ មុនពេលត្រលប់មកកាន់ទីលាននៅ១២ខែបន្ទាប់ តែគេបានរងរបួសជាថ្មីសម្រាប់ការត្រលប់មកវិញ ក្នុងប្រកួតទី២។
Neymar នឹងត្រូវបានរំពឹងថា ត្រលប់មកចូលរួម Santos ជាក្លឹបដែលគេចាប់ផ្ដើមក្លាយជាកីឡាករអាជីពនាឆ្នាំ២០០៩ ខណៈដែលខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Deivid Washington ក៏អាចនឹងចូលរួមក្រុមជាមួយគេក្នុងទីផ្សារខែមករានេះដែរ។
Washington បានត្រៀមចាកចេញពី Chelsea ក្រោមលក្ខខណ្ឌខ្ចី ដើម្បីត្រលប់មកក្លឹបចាស់របស់ខ្លួន។ កីឡាករប្រេស៊ីលរូបនេះ បានចុះហត្ថលេខាផ្ទេរទៅ Chelsea អំឡុងរដូវក្ដៅ ឆ្នាំ២០២៣ ពី Santos ក្នុងតម្លៃ ១៧.១លានផោន។
ប៉ុន្ដែគេទទួលបានឱកាសបង្ហាញខ្លួនតែ៣លើកប៉ុណ្ណោះសម្រាប់ក្លឹបតោខៀវ ក្នុងប្រកួត Cub នារដូវកាលមុន។ Washington មានការភ្ជាប់នឹងការចាកចេញពីទឹកដី Stamford Bridge ដើម្បីទទួលបានឱកាសលេង ហើយបើយោងតាមអ្នកសារព័ត៌មាន Ben Jacobs បានឱ្យដឹងថា គេអាចនឹងចូលរួម Santos ក្នុងកិច្ចសន្យាខ្ចី មុនទីផ្សារខែមករានេះបិទទ្វារ។
Santos បានត្រលប់មកកាន់លីគកំពូលប្រេស៊ីលជាថ្មី ក្នុងរដូវកាលឆ្នាំ២០២៥ បន្ទាប់ពីបានគ្រងជើងឯក Serie B ដែលជាលីគទី២ប្រេស៊ីល៕