អ្នកចាត់ការ Manchester City លោក Pep Guardiola បានលើកឡើងថាស្ថានភាពក្រុមរបស់លោកក្នុង UEFA Champions League មិនមែនជាបញ្ហាទេ ប៉ុន្ដែនេះជាឱកាស ក្នុងការឆ្លងផុតវគ្គចែកពូល។
ក្រុមជើងឯក UCL រដូវកាល ២០២២-២៣ មានគម្លាតពីរពិន្ទុពីក្រោមតំបន់ដែលបានកៅអីប្រកួត playoff ហើយពួកគេត្រូវការជ័យជម្នះក្នុងប្រកួតចុងក្រោយទល់ Club Brugge នារាត្រីនេះ បើមិនដូច្នេះទេ ក្រោមដឹកនាំដោយលោក Guardiola នឹងហាលអាវត្រឹមប្រកួតនេះហើយ។
បច្ចុប្បន្ន Man City កំពុងឈរក្នុងចំណាត់ថ្នាក់លេខ២៥ ក្នុងចំណោម៣៦ក្រុម ហើយត្រូវការជ័យជម្នះជាចាំបាច់ដើម្បីមានសង្ឃឹមបានចូលរួមប្រកួត playoff។ បរាជ័យ៤-២ ក្រោមថ្វីជើងរបស់ Paris Saint-Germain បានធ្វើឱ្យក្រុមមេឃខៀវប្រឈមនឹងការលំបាកកាន់តែខ្លាំង ខណៈក្រុមដឹកនាំដោយលោក Guardiola កំពុងស្ថិតក្នុងតំបន់ត្រូវកាត់ចេញ។
ប្រសិនបើ Man City មិនអាចទទួលបានជ័យជម្នះក្នុងប្រកួតទល់ Club Brugge ទេនោះ នឹងបញ្ចប់បេសកកម្មក្នុងពានអឺរ៉ុបត្រឹមប្រកួតនោះ។
“ស្ថានភាពដែលយើងកំពុងប្រឈមនោះគឺ យើងត្រូវតែឈ្នះការប្រកួត ប្រសិនបើធ្វើមិនបានទេ យើងនឹងមិនអាចបន្ដចូលរួមពានរង្វាន់នេះឡើយ។ យើងចង់មានឱកាសបានលេងពីរប្រកួតផ្សេងទៀត ដើម្បីអាចបន្ដទៅជុំបន្ទាប់។ វាមិនមែនជាបញ្ហាទេ វាគឺជាឱកាស”។
Man City បានឈ្នះជើងឯក Champions League ក្នុងឆ្នាំ២០២៣ ហើយបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ក្នុងរដូវកាលមុន ហើយលោក Guardiola ដែលធ្លាប់ឈ្នះពាននេះ៣លើក ក្នុងអាជីពជាគ្រូបង្វឹក បានចាត់ទុកថានេះប្រៀបដូចជាប្រកួតវគ្គ knockout ដែរ។
លោកបានបន្ថែមថា៖ “យើងធ្លាប់លេងប្រកួតប្រភេទនេះជាច្រើនលើកមកហើយ។ មិនយូរមិនឆាប់អ្នកនឹងត្រូវលេងប្រកួតបែបនេះ ប្រសិនបើឈ្នះ អ្នកនឹងទៅបន្ដ តែបើចាញ់អ្នកនឹងធ្លាក់ចេញ”។
“យើងនៅទីនេះ ដោយសារហេតុផលជាច្រើនដែលយើងបានដឹង ថាយើងមិនទាន់ល្អគ្រប់គ្រាន់ទេ ហើយនេះគឺជាស្ថានភាពដែលយើងបានជួបប្រទះជាច្រើនលើកមកហើយ”។
Man City ធ្លាប់ខកឱកាសក្នុងការឡើងទៅកាន់វគ្គ knockout Champions League ពីរលើក កាលពីជាង១០ឆ្នាំមុន ពោលក្នុងរដូវកាល ២០១១-១២ និង ២០១២-១៣។ លើកទីមួយ ពួកគេត្រូវបានចាប់ឆ្នោតនៅក្នុងពូលជាមួយ Bayern Munich, Napoli និង Villarreal ហើយក្រុមមកពីទីក្រុងមេនឆេស្ទឺរ ទទួលបានជ័យជម្នះ៣លើក តែមិនគ្រប់គ្រាន់ឱ្យពួកគេបញ្ចប់ពូលក្នុងចំណាត់ថ្នាក់ Top 2 ទេ។
ក្នុងរដូវកាលបន្ទាប់ ពួកគេឈរនៅបាតតារាង ដោយមិនទទួលបានជ័យជម្នះសូម្បីម្ដងក្នុង៦ប្រកួតនៃវគ្គចែកពូល ដែលមាន Borussia Dortmund, Real Madrid និង Ajax។
បន្ទាប់ពីពេលនោះមក Man City តែងឆ្លងផុតពូល ហើយបានឡើងផ្ដាច់ព្រ័ត្រពីរលើក និងឈ្នះជើងឯកក្នុងឆ្នាំ២០២៣។ មិនមែនតែ Man City ទេ ក៏មានក្រុមខ្លាំងផ្សេងទៀតផងដែរដែលកំពុងប្រឈមនឹងក្ដីបារម្ភសម្រាប់ការប្រកួតចុងក្រោយនៃវគ្គចែកពូល Champions League។
PSG ក៏មានក្ដីខ្វាយខ្វល់ផងដែរ ក្នុងការធ្លាក់ចេញពីពានអឺរ៉ុប បើទោះបីជាពួកគេបានយកឈ្នះ Man City កាលពីសប្ដាហ៍មុនក៏ដោយ ក្រុមជើងឯកលីគកំពូលបារាំង ក៏នៅតែអាចធ្លាក់ចេញពី Champions League ដែរ បើពួកគេបរាជ័យទល់ Stuttgart។
ដោយឡែកក្រុមជើងឯក១៥សម័យ និងកំពុងការជើងឯក Real Madrid ក៏មិនអាចធានាទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ស្វ័យប្រវត្តិនោះទេ ដោយពួកគេត្រូវប្រឈមនឹងការប្រកួត playoff ជាមុនសិន។ ក្រុមយក្សអឺរ៉ុបផ្សេងទៀតដូចជា Bayern Munich, Juventus និងក្រុមជើងរងឆ្នាំចាស់ Dortmund ក៏ប្រឈមនឹងស្ថានភាពដូចគ្នានេះដែរ។
ការប្រកួតចុងក្រោយទាំងអស់ក្នុងវគ្គចែកពូល Champions League រដូវកាលនេះ នឹងលេងក្នុងពេលដំណាលគ្នា ពោលចាប់ផ្ដើមពីម៉ោង ៣៖០០យប់៕