ក្លឹបបាល់ទាត់មីស្ទ័រលេងនឹងធ្វើតេស្ដជ្រើសរើសយុវជនអាយុក្រោម១៤ឆ្នាំ, ក្រោម១៦ឆ្នាំ, ក្រោម១៨ឆ្នាំ, ក្រុមនារី និងក្រុមធំបុរស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។ នេះបើតាមការឱ្យដឹងពីលោក កេត ធុច ដែលជាអគ្គលេខាធិការក្លឹប។
លោក កេត ធុច បញ្ជាក់ថា សម្រាប់ការធ្វើតេស្ដនៅថ្ងៃទី១ គឺថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ គឺផ្ដោតលើក្រុមយុវជនអាយុក្រោម១៤ឆ្នាំ និងក្រុមនារី។ ចំណែកថ្ងៃទី០២ គឺថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ផ្ដោតលើក្រុមយុវជនអាយុក្រោម១៦ឆ្នាំ, ក្រោម១៨ឆ្នាំ និងក្រុមធំបុរស។
ការធ្វើតេស្ដនឹងប្រព្រឹត្តទៅនៅកីឡដ្ឋានរបស់ក្លឹបបាល់ទា់តមីស្ទ័រលេងដោយផ្ទាល់តែម្ដងដែលមានមូលដ្ឋាននៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ក្លិបនេះត្រូវបានបង្កើតឡើងដោយលោក គ្រី ប៉េងលេង ដែលជាអ្នកជំនួញមួយរូបក្នុងតំបន់ ដែលដំបូងឡើយគ្រាន់តែប្រកួតប្រជែងលក្ខណៈសហគមន៍តែប៉ុណ្ណោះ។ តែប្រមាណ២ឆ្នាំចុងក្រោយនេះ លោក ប៉េងលេង បានចំណាយធនធានផ្ទាល់ខ្លួនសាងសង់កីឡដ្ឋាន និងបង្កើតក្រុមយុវជន ក៏ដូចជាក្រុមធំដើម្បីឆ្ពោះទៅកម្រិតអាជីព។ ជាក់ស្ដែងក្រុមនារីមីស្ទ័រលេងក៏បានចូលរួមការប្រកួតលីគកំពូលនារីរដូវកាលនេះដែរ៕