Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Neymar ពិបាករកពាក្យថ្លែងក្រោយបានបង្ហាញខ្លួនលើទីលានសម្រាប់ Santos ជាថ្មី

ក្រោយចាកចេញរយៈពេល១២ឆ្នាំ ទៅចូលរួមនៅក្លឹបធំពីរនៅអឺរ៉ុប និងចំណាយពេលមួយរយៈនៅក្នុងបាល់ទាត់អារ៉ាប៊ី សាអ៊ូឌីត តារាឆ្នើម Neymar Junior បានត្រលប់មកកាន់ប្រទេសកំណើតប្រេស៊ីល ហើយបានបង្ហាញខ្លួនលើទីលានប្រកួតសម្រាប់ Santos កាលពីយប់មិញនេះ។

អតីតសមាជិករបស់ Barcelona និង Paris Saint-Germain បានប្ដូរចូលនៅដើមវគ្គទី២ ក្នុងពានរង្វាន់ Campeonato Paulista ទល់ Botafogo SP នាទឹកដី Vila Belmiro។

Santos មានឱកាសនាំមុខមួយគ្រាប់មុន ពេល Neymar ចូលទៅកាន់ទីលានប្រកួតប៉ុន្ដែត្រូវបានគូប្រកួតតាមស្មើមួយគ្រាប់វិញ ហើយការប្រកួតត្រូវបានបញ្ចប់ក្នុងលទ្ធផល ១-១។

ថ្លែងក្រោយចប់ការប្រកួត Neymar បាននិយាយថា៖ “ខ្ញុំស្រលាញ់ Santos។ ខ្ញុំពុំមានពាក្យអ្វីដែលត្រូវបរិយាយចំពោះអារម្មណ៍ដែលខ្ញុំមាននារាត្រីនេះទេ ពេលដែលខ្ញុំដើរចូលទីលានប្រកួត”។

Neymar បានជាប់ឈ្មោះកីឡាករឆ្នើមប្រចាំការប្រកួត បានសារភាពថា គេពុំទាន់វិលរកស្ថានភាពកាយសម្បទាល្អប្រសើរ១០០ភាគរយនោះទេ ប៉ុន្ដែគេរំពឹងថានឹងប្រសើរឡើងនាប៉ុន្មានប្រកួតខាងមុខ។ អតីតសមាជិក Barcelona រូបនេះ បានបន្ដថា៖ “ខ្ញុំត្រូវការនាទីលេងបន្ថែមទៀត។ ខ្ញុំមិនទាន់ពេញលេញ១០០ភាគរយទេ។ ខ្ញុំមិនរំពឹងការរត់ និងញាក់បាល់ច្រើនពេកទេ ក្នុងរាត្រីនេះ។ ខ្ញុំគិតថាខ្ញុំនឹងមានអារម្មណ៍ប្រសើរឡើងក្នុង៤ទៅ៥ប្រកួតខាងមុខ”។

ខ្សែប្រយុទ្ធដែលទើបឈានដល់វ័យ៣៣ឆ្នាំ បានត្រលប់មក Santos វិញកាលពីចុងខែមករា ដោយបានចុះហត្ថលេខាកុងត្រារយៈពេល៦ខែហើយក្លឹបរំពឹងថា បន្ដជាមួយគេយ៉ាងហោចណាស់រហូតដល់ចប់ព្រឹត្តិការណ៍ World Cup 2026។

Neymar ត្រូវបានចាត់ទុកថា ជាកីឡាករល្អបំផុតមួយរូប ក្នុងប្រវត្តិសាស្ត្រ បានចាកចេញពី Santos ទៅចូលរួម FC Barcelona ក្នុងឆ្នាំ២០១៣ ហើយបានក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ បាល់ទាត់ ២២២លានអឺរ៉ូ ពេលចាកចេញពីទឹកដី Camp Nou ទៅក្លឹបបារាំង Paris Saint-Germain នាឆ្នាំ២០១៧។

បន្ទាប់មកគេបានផ្ទេរទៅ Al-Hilal ក្នុងរដូវក្ដៅ ឆ្នាំ២០២៣ ប៉ុន្ដែពុំមានឱកាសលេងច្រើនទេ ក្នុងរយៈពេល១ឆ្នាំកន្លះនៅទឹកដីអារ៉ាប៊ី សាអ៊ូឌីត ដោយសាររបួសញាំញី ហើយគេបានឈានដល់ការព្រមព្រៀងបញ្ចប់កុងត្រាជាមួយ Al-Hilal ក្រោយពេលដែលអ្នកចាត់ការ Jorge Jesus មិនបញ្ចូលឈ្មោះគេក្នុងបញ្ជីកីឡាករនៃ SPL ក្នុងពាក់កណ្ដាលចុងក្រោយនៃរដូវកាលនេះ ជាឱកាសសម្រាប់គេក្នុងការត្រលប់មកប្រទេសកំណើត ចូលរួមទ្រនំចាស់ Santos៕