អ្នកចាត់ការ Barcelona លោក Hansi Flick បានពន្យល់មូលហេតុនៃអវត្តមានសមាជិកដ៏សំខាន់មួយរូបក្នុងជម្រើសដំបូងសម្រាប់ការប្រកួត La Liga ទល់ Rayo Vallecano ដោយសារការមកប្រជុំមុនការប្រកួតយឺតយ៉ាវ។
ក្រុម Barcelona បានរំកិលឡើងមកកាន់កំពូលតារាង La Liga បន្ទាប់ពីទទួលបានបីពិន្ទុពីជ័យជម្នះយ៉ាងប្រកៀកប្រកិតទល់ក្រុមកំពុងលេចធ្លោ Rayo កាលពីរាត្រីថ្ងៃចន្ទ ក្នុងលទ្ធផល ១-០ ខណៈដែលកីឡាករវ័យក្មេង Victor Forte ត្រូវបានដាក់ឱ្យលេងជម្រើសដំបូងក្នុងតំណែងខ្សែការពារស្លាបស្ដាំជំនួស កីឡាករបារាំង Jules Kounde ដែលនាំឱ្យមានការងឿងឆ្ងល់ចំពោះការសម្រេចចិត្តរបស់លោក Flick។ ទោះយ៉ាងណាក្ដី Kounde ត្រូវបានប្ដូរចូលជំនួស Fort ក្នុងនាទីទី៦៦។
អ្នកចាត់ការជនជាតិអាល្លឺម៉ង់ បានពន្យល់នូវការសម្រេចចិត្តរបស់លោក ក្រោយចប់ការប្រកួតថា៖ “មុនការប្រកួតមកដល់ យើងមានការប្រជុំពីរទៅបីលើក សម្រាប់កីឡាករ។ ហើយវាពិតជាសំខាន់សម្រាប់កីឡាករដែលលេងនៅទីនេះ។ វាមិនពិបាកទេពេកទេសម្រាប់ការសម្រេចចិត្តនេះ។ ការមកឱ្យទាន់ពេល មិនមែនសម្រាប់ខ្ញុំទេ វាជាការផ្ដល់ការគោរពដល់មិត្តរួមក្រុម និងអ្នកគាំទ្រ”។
“ខ្ញុំមិនចង់និយាយច្រើនជាងនេះទេ ព្រោះខ្ញុំនិយាយជាមួយគេដោយផ្ទាល់។ ប៉ុន្ដែគេមកយឺតយ៉ាវពេក។ វាជាច្បាប់ ដូច្នេះគេមិនអាចលេងក្នុងជម្រើសដំបូងបានទេ។ នេះជាអ្វីដែលបានកើតឡើងថ្ងៃនេះ”៕