Marcelo អតីតខ្សែការពារឆ្នើម Real Madrid បានប្រកាសចូលនិវត្តន៍ហើយនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងវ័យ៣៦ឆ្នាំ ក្រោយចំណាយពេល១៩ឆ្នាំក្នុងអាជីពជាកីឡាករបាល់ទាត់។
អតីតសមាជិកក្រុមជម្រើសជាតិប្រេស៊ីលផ្ដើមអាជីព Fluminense ក្នុងឆ្នាំ២០០៥ មុនផ្ទេរទៅ Real Madrid ពីឆ្នាំ២០០៧ដល់២០២២ ជាទីរូបគេរួមចំណែកឈ្នះពានតូចធំយ៉ាងច្រើន រាប់ចាប់តាំងពី FIFA Club World Cup បន្តដោយ UEFA Champions League ជាហូរហែ។
បន្ទាប់ពីចំណាយពេល១៥ឆ្នាំនៅ La Liga បុរសមានកំណើតនៅក្រុង Rio de Janeiro បានផ្លាស់ទៅលីគកំពូលក្រិក ដោយចូលរួមជាមួយ Olympiacos តែបានត្រឹម៥ប្រកួត ក៏ចាកចេញវិញ មុនត្រលប់ទៅក្រុមដើម Fluminense ដល់ចប់រដូវកាល២០២៣/២០២៤។
ថ្ងៃនេះ AMS Sports សូមបង្ហាញពីចំណុចសំខាន់ចំនួន៥ពី Marcelo ដែលអ្នកគាំទ្រគួរដឹង៖
១. ឥទ្ធិពលរបស់ជីតា
ជីតារបស់ Marcelo មានឥទ្ធិពលយ៉ាងខ្លាំងលើជីវិត និងអាជីពរបស់គេ។ គេទទួលបានការគាំទ្រយ៉ាងខ្លាំងតាំងពីចាប់ផ្ដើមទើបលេងកីឡាបាល់ទាត់ដំបូង រហូតដល់បានចូលក្រុមអាជីព។ សូម្បីតែពេលអង្គុយបម្រុង បាក់ទឹកចិត្ត ស្ទើរតែបោះបង់អាជីព ក៏ទទួលបានការលើកទឹកចិត្តយ៉ាងធំធេងពីជីតារបស់គេដែរ។ ជីតាក៏មានចំណែកក្នុងការលើកពានយ៉ាងច្រើនកន្លងមកដែរ។ គាត់បានចែកឋាន ក្រោយគេបានលើកពាន UEFA Champions League លើកដំបូង។
២. គ្រួសារក្រីក្រខ្លាំង
មិនខុសពីតារាបាល់ទាត់មួយចំនួនទេ Marcelo មិនមានសូម្បីតែលុយធ្វើដំណើរទៅហាត់បាល់។ គេបានជីតាគេជួយចេញប្រាក់យ៉ាងច្រើននាពេលនោះ។ គាត់ថែមទាំងធ្លាប់ត្រូវឆ្នោតទិញបានឡានកញ្ចាស់មួយដើម្បីដឹកចៅប្រុសទៅប្រកួតទៀតផង។
៣. លេងនៅស្រុកកំណើតសុខៗស្រាប់តែ Real Madrid តេហៅ
កាលលេងនៅ Fluminese ត្រឹមអាយុ១៨ឆ្នាំទេ ស្រាប់តែ Real Madrid តេហៅទៅចូលរួម។ គ្រួសារគ្មានជឿអីបន្តិចទេ ទាល់តែបានឃើញប្រកាសព័ត៌មាន បានជឿ។ ពេលទៅដល់ Santiago Bernabeu ដំបូងៗមិនសូវបានជាប់១១នាក់ទេ ព្រោះ Roberto Carlos នៅលេងនៅឡើយ ហើយពេលនោះ គេមានឱកាសទៅលេងក្រុមផ្សេងលើលក្ខខណ្ឌខ្ចីដែរ តែមិនទៅទេ។ ក្រោយ Carlos ចេញទៅ គេក៏មានឱកាសលេងជាប់លាប់រហូតតែម្ដង។
៤. ទទួលបានការជួយជ្រោមជ្រែងច្រើនពី Roberto Carlos
ពេលទៅដល់ Madrid លោក Carlos ជួយ Marcelo ណាស់លើការសម្របខ្លួនរស់នៅប្រទេសអេស្ប៉ាញ ធ្វើម៉េចឱ្យស្រួល អត់ពិបាក។
Legend ប្រេស៊ីលរូបដឹងច្បាស់ថា Marcelo នឹងក្លាយជាអ្នកជំនួសរូបលោក។ លោកថែមទាំងឱ្យលេខទូរសព្ទ ហើយប្រាប់ Marcelo ថា តេពេលណាក៏បានដែរ ឱ្យតែចង់បានអី ចង់ឱ្យជួយអី។ Carlos ថែមទាំងហៅ Marcelo ទៅបាយល្ងាចជាមួយថ្ងៃបុណ្យណូអែល ហើយពន្យល់ណែនាំ ចែករំលែកបទពិសោធច្រើន។
៥. ទទួលបានការកោតសរសើរច្រើន
Marcelona ទទួលបានការកោតសរសើរច្រើនពី legends នានា។ សូម្បីតែ Roberto Carlos ក៏ហៅគេថា អ្នកបន្តវេន។ Maradona ហៅថា កីឡាករឆ្នើមបំផុតនៅ La Liga បន្ទាប់ពី Cristiano Ronaldo និង Lionel Messi។ ចំណែក Paolo Maldini សរសើរមិនដាច់ពីមាត់។