កីឡាករប្រេស៊ីលមួយរូបទៀត ជួបរឿងខកចិត្តដូច Neymar Jr. នៅអារ៉ាប៊ីសាអ៊ូឌីត ពោលមិនត្រូវបានបញ្ចូលឈ្មោះសម្រាប់ការប្រកួត Saudi Pro League ក្រោយការមកដល់របស់សមាជិកថ្មីក្នុងក្រុម។
អតីតតារាឆ្នើម Liverpool, Roberto Firmino នឹងមិនមានវត្តមានក្នុងការប្រកួតក្របខណ្ឌ Saudi Pro League ដែលនៅសល់ក្នុងរដូវកាលនេះទេ បន្ទាប់ពីការមកដល់របស់មិត្តរួមជាតិប្រេស៊ីល Galeno។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Firmino រកគ្រាប់បាល់៥គ្រាប់ ពីការបង្ហាញខ្លួន១៧ក្នុងលីគកំពូលអារ៉ាប៊ីសាអ៊ឌីតរដូវកាលនេះសម្រាប់ Al-Ahli ប៉ុន្ដែគេមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ពាក់កណ្ដាលរដូវកាលដែលនៅសល់ទេ ដោយកន្លែងរបស់គេ ត្រូវបានផ្ដល់ឱ្យ ខ្សែប្រយុទ្ធ Galeno ដែលបានផ្លាស់ពី Porto ក្នុងតម្លៃ៤៦.៦លានដុល្លារ មកចូលរួមក្លឹបមានមូលដ្ឋានក្នុងទីក្រុង Jeddah កាលពីខែមករា។
បច្ចុប្បន្នក្លឹប Al-Ahli មានសមាជិកបរទេសចំនួន១២រូប ក្នុងនោះកីឡាករដែលមានឈ្មោះក្នុងបញ្ជីកូតាបរទេសទូទៅ៨រូបមាន Riyad Mahrez, Roger Ibanez, Ivan Toney, Franck Kessie, Edourd Mendy, Gabri Veiga, Merih Demiral និង Galeno ដែលទើបត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជី ខណៈកីឡាករបែលហ្ស៊ិក Matteo Dams ដែលបានផ្ទេរពី PSV ក្នុងខែមករានេះ ស្ថិតក្នុងកូតាបរទេសក្រោម២១ឆ្នាំ ជាមួយខ្សែបម្រើប្រេស៊ីល Alexander ហើយ Firmino និងកីឡាករម៉ាសេដូនៀ Ezgjan Alioski នៅក្រៅបញ្ជីកីឡាករដែលបានចុះឈ្មោះ។
យោងតាមច្បាប់របស់ SPL គឺអនុញ្ញាតក្លឹបមួយឱ្យចុះឈ្មោះកីឡាករបរទេសតែ១០រូបប៉ុណ្ណោះ ហើយអ្នកចាត់ការ Al-Ahli លោក Matthias Jaissle ចាត់ទុកថានេះជាការសម្រេចចិត្តលំបាក។
លោកបាននិយាយថា៖ “វាពិតជាលំបាក សម្រាប់ក្លឹប ហើយវាផ្អែកលើបទបញ្ញតិ។ យើងពេញចិត្ត Firmino ហើយគេបានស្របតាមការសម្រេចចិត្តនេះក្នុងភាពជាកីឡាករអាជីព។ គេនៅតែជាអ្នកដឹកនាំម្នាក់របស់យើង”។
ទោះបីជាមិនអាចចូលរួម១៥ប្រកួតដែលនៅសល់ក្នុងលីគសម្រាប់ Al-Ahli តែ Firmino នៅតែអាចលេងបានធម្មតាក្នុងការប្រកួត AFC Champions League Elite។
Al-Ahli ទទួលបានជ័យជម្នះ៦លើក ក្នុងចំណោម៧ប្រកួតក្នុងពូល Champions League Elite ហើយក៏បានធានាទៅកាន់វគ្គ knockout រួចរាល់ហើយដែរ។ ឆ្លងកាត់១៩ប្រកួតក្នុងលីគ Al-Ahli ទទួលបានជ័យជម្នះ ១២លើក ស្មើ២ដង និងចាញ់៥ប្រកួត មាន៣៨ពិន្ទុ ហើយពួកគេនឹងជួបតតាំងជាមួយក្រុមលេខ៣ Al-Nassr ក្នុងប្រកួតបន្ទាប់។
Firmino ត្រូវបានរាយការណ៍ថាមានគម្រោងក្នុងការចាកចេញពី Al-Ahli មុនពេលរដូវកាលនេះត្រូវបានបញ្ចប់ ខណៈកុងត្រារបស់គេជាមួយក្លឹប នឹងផុតសុពលភាពនាខែមិថុនា ឆ្នាំ២០២៦ ហើយអនាគតរបស់គេអាចនឹងស្រដៀងទៅនឹងមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល Neymar Jr. ដែលបានចាកចេញពីក្លឹប Al-Hilal និងបានទៅចូលរួមអតីតក្លឹបរបស់ខ្លួន Santos ក្រោយមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីក្រុមនៅ SPL។ ក្លឹប Al-Ahli មានការបើកចំហរក្នុងការផ្ដល់ឱកាសចាកចេញផងដែរសម្រាប់អតីតសមាជិក Liverpool ប្រសិនបើមានក្លឹបចង់បានរូបគេ៕