Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ម្នាក់ទៀតហើយ! Real Madrid បាត់បង់កម្លាំងសំខាន់ម្នាក់ក្នុងតំបន់ការពារ ពេលលេងទល់ City

ក្លឹប Real Madrid បានប្រកាសថា ខ្សែការពារ Lucas Vazquez នឹងខកខានចូលរួមការប្រកួតជម្រុះ UEFA Champions League knockout play-off ទល់ Manchester City ដោយសារបញ្ហារបួសសរសៃរពួរ។

ក្រុមយក្សអេស្ប៉ាញប្រឈមនឹងភាពស្មុគស្មាញ ដោយសារកង្វះខាតជម្រើសក្នុងតំបន់ការពារ ខណៈដែលសមាជិកជាច្រើនរួចមកហើយដែលមិនអាចមានវត្តមានលើទីលាន ដោយសាររបួសរួមមាន Eder Militao, David Alaba, Antonio Rudiger និង Dani Carvajal។

Vazquez បានបង្ហាញខ្លួនលើទីលានប្រកួតក្នុងជំនួប Madrid Derby កាលពីថ្ងៃសៅរ៍ ហើយត្រូវបានប្ដូរចេញក្នុងនាទីទី៨១ ជំនួសដោយខ្សែបម្រើ Luka Modric។ នាថ្ងៃអាទិត្យ ក្លឹប Real Madrid បានបញ្ជាក់ថា កីឡាករអេស្ប៉ាញបានរងរបួសសាច់ដុំសរសៃរពួរជើងខាងឆ្វេង ហើយមិនបានចូលរួមធ្វើដំណើរទៅប្រកួតនៅទីក្រុងមែនឆេស្ទឺរនោះទេ។

Vazquez បានរ៉ាប់រងតួនាទីជាខ្សែការពារស្លាបស្ដាំ ក្នុងប្រកួតភាគច្រើនរបស់ Real Madrid រដូវកាលនេះ បន្ទាប់ពី Carvajal រងរបួស ACL កាលពីខែតុលា ហើយអវត្តមានរបស់គេតែធ្វើឱ្យអ្នកចាត់ការ Carlo Ancelotti កាន់តែឈឺក្បាល ដោយសារមានជម្រើសតិចក្នុងតំបន់ការពារ។

ខ្សែបម្រើ Federico Valverde ត្រូវបានដាក់ឱ្យលេងក្នុងតំណែងជាខ្សែការពារស្លាបស្ដាំ ក្នុងប្រកួតមួយចំនួនដែល Vazquez អវត្តមាន ហើយក៏អាចនឹងលេងតំណែងនេះជាថ្មី ក្នុងប្រកួតទល់ Man City។

ក្រុមអធិរាជស នឹងជួបតតាំងទល់ក្រុមមេឃខៀវនៅទឹកដី Etihad នារាត្រីថ្ងៃអង្គារ ក្នុងជើងទី១វគ្គ playoff ដណ្ដើមកៅអី១៦ក្រុមចុងក្រោយ Champions League មុនពេលជួបគ្នាម្ដងទៀតក្នុងជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃទី១៩ ខែកុម្ភៈខាងមុខ៕