ក្លឹប Feyenoord បានសម្រេចបញ្ចប់តំណែងជាមួយអ្នកចាត់ការ Brian Priske កាលពីថ្ងៃចន្ទ ពោលគឺពីរថ្ងៃមុនពួកគេប្រកួតវគ្គជម្រុះ knockout playoff UEFA Champions League ទល់ AC Milan នេះបើយោងតាមការប្រកាសរបស់ក្លឹបហុល្លង់។
លោក Priske បានចូលកាន់តួនាទីជាអ្នកចាត់ការក្លឹប Feyenoord កាលពីខែមិថុនាឆ្នាំមុន ជំនួសលោក Arne Slot ដែលបានចាកចេញទៅដឹកនាំ Liverpool ដោយបានចុះកុងត្រារយៈពេល៣ឆ្នាំ ប៉ុន្តែបុរសជនជាតិដាណឺម៉ាក បានរងសម្ពាធយ៉ាងខ្លាំងដោយសារលទ្ធផលមិនសមប្រកបក្នុងប៉ុន្មានប្រកួតចុងក្រោយ។
ជ័យជម្នះសម្រាប់ Feyenoord ៣-០ លើ Sparta Rotterdam ជាការឈ្នះលើកដំបូងរបស់ពួកគេក្នុង៥ប្រកួតចុងក្រោយក្នុងលីគ ហើយពួកគេមានគម្លាតតាមពីក្រោយក្រុមកំពូលតារាង Ajax ១២ពិន្ទុ។ លើសពីនេះទៅទៀត ពួកគេបានធ្លាក់ចេញពី KNVB Cup ក្រោមថ្វីជើងរបស់ PSV Einhoven កាលពីសប្ដាហ៍មុន៕