Spurs ធ្វើបានរឿងពិសេសមួយមិនដែលមានតាំងពីឆ្នាំ១៩៨៥មក តែ Mourinho ថា…

1 នាទីអាន
- Advertisement -

ក្រោយស្មើ០-០នៅទឹកដី Chelsea យប់ថ្ងៃអាទិត្យទី២៩ខែវិច្ឆិកាឆ្នាំ២០២០ Tottenham ឡើងទៅកំពូលតារាង Premier League ដោយមានប្រៀបលើ Liverpool ត្រង់ផលសងគ្រាប់បាល់។

នេះជាលើកដំបូងតាំងពីឆ្នាំ១៩៨៥មក ដែល Spurs គ្រប់គ្រងកំពូលតារាងលីគកំពូលអង់គ្លេស ក្រោយលេងបាន១០ប្រកួតឬច្រើនជាងនេះ។

ទោះបែបនេះក្ដី លោក Jose Mourinho បាននិយាយក្រោយប្រកួតថាក្រុមរបស់លោកមិនស្ថិតក្នុងចំណោមក្រុមប្រជែងជើងឯកទេ។ លោកប្រៀបក្រុមមាន់ខ្នាយមាសទៅនឹងកូនសេះតូចមួយ (pony) ដែលមិនមែនជាសេះប្រណាំង (horse) នៅក្នុងការប្រកួតប្រណាំងសេះនោះឡើយ។

អ្នកចាត់ការជនជាតិព័រទុយហ្គាល់និយាយថា៖ «ការស្មើនៅទីនេះ (Stamford Bridge) គឺជារឿងវិជ្ជមានមួយ។ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ខ្ញុំមិនសប្បាយចិត្តទេ នេះជារឿងល្អបំផុត។ វាពិតជាអស្ចារ្យណាស់។ ផ្នត់គំនិតនិងអត្តចរិតរបស់ក្រុមយើងបានផ្លាស់ប្ដូរ១៨០ដឺក្រេ»។

ទោះយ៉ាងណា លោក Mourinho សង្កត់ធ្ងន់ថា៖ «ពួកយើងមិនស្ថិតក្នុងការប្រជែងជើងឯកឡើយ ដូច្នេះពួកយើងមិនមែនជាសេះប្រណាំងទេ (Horse) ពួកយើងជាកូនសេះសម្រាប់ជិះកម្សាន្ត (Pony)»។

សូមជម្រាបថា Spurs ខានឈ្នះពានរង្វាន់អ្វីមួយតាំងពីក្រោយលើកពាន League Cup 2008 មកម្ល៉េះ។ រដូវកាល២០១៨-១៩ ពួកគេបានឡើងដល់ផ្ដាច់ព្រ័ត្រ Champions League ក្រោមការដឹកនាំរបស់លោក Mauricio Pochettino តែចាញ់ Liverpool។

Spurs ធ្លាប់លើកពានលីគ២ដង គឺក្នុងឆ្នាំ១៩៥១ និង១៩៦១ ដែលសុទ្ធតែជាឆ្នាំបញ្ចប់ដោយលេខ១។ ចុះរដូវកាល២០២០-២១វិញ ប្រិយមិត្តគិតយ៉ាងណាដែរ?

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕