លោក Erik ten Hag បានទម្លាយឱ្យដឹងពីអ្វីដែលលោកនឹកបំផុតនៅ Manchester United ហើយលោកក៏បានបង្ហើបពីគម្រោងអនាគត ក្រោយទំនេរពីការងារគ្រូបង្វឹកផងដែរ។
បន្ទាប់ពីកាន់តួនាទីជាអ្នកចាត់ការក្លឹប Man United បានពីររដូវកាល លោក Ten Hag ត្រូវបានបញ្ចប់តំណែងកាលពីចុងខែតុលា ឆ្នាំ២០២៤ ហើយលោកមិនទាន់រកបានក្លឹបថ្មីដើម្បីបម្រើការងារជាគ្រូបង្វឹកនៅឡើយទេ។ ហើយពេលនេះ បុរសជនជាតិហុល្លង់បានសារភាពថា លោកមានការនឹករឭកដល់ទឹកដី Old Trafford ហើយលោកថា លោកនឹងមិនត្រលប់ទៅកាន់ការងារគ្រូបង្វឹកវិញ មុនពេលរដូវកាល ២០២៥-២៦ ចាប់ផ្ដើមនោះទេ។
ថ្លែងក្នុង podcast, SEG លោក Ten Hag បាននិយាយថា៖ “ខ្ញុំបានសម្រេចចិត្តសម្រាប់ខ្លួនខ្ញុំរួចទៅហើយ អូខេខ្ញុំមិនធ្វើអ្វីទាំងអស់ រហូតដល់ថ្ងៃទី១ ខែកក្កដា រហូតដល់ពេលចាប់ផ្ដើមរដូវកាលថ្មី។ ប្រសិនបើសួរថាខ្ញុំនឹកអ្វីជាងគេនោះ វាគឺ Old Trafford។ អ្នកតែងតែព្យាយាមដើម្បីអាចសម្រេចគោលដៅ ប៉ុន្ដែអ្នកមិនអាចឈានដល់គោលដៅនោះទេ។ យើងបានធ្វើរឿងល្អៗជាច្រើន តែនៅមានអ្វីដែលត្រូវបំពេញបន្ថែម ត្រឹមតែល្អ មិនគ្រប់គ្រាន់ទេ។ អ្នកអាចធ្វើបានល្អជាងនេះ”។