Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

អ្នកឡើងភ្នំជនជាតិចិនវ័យ១៨ឆ្នាំជាប់លើភ្នំទឹកជាង១០ថ្ងៃ បានត្រឹមទទួលទានថ្នាំដុសធ្មេញ

អ្នកឡើងភ្នំវ័យ១៨ឆ្នាំឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យបន្ទាប់ពីចំណាយពេល១០ថ្ងៃក្រោមអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់ភ្នំនៃភាគពាយព្យនៃប្រទេសចិន។

សារព័ត៌មាន South China Morning Post បានឱ្យដឹងថា អំឡុងពេលដ៏លំបាកនេះ ជាមួយនឹងកង្វះខាតអាហារយ៉ាងធ្ងន់ធ្ងរ យុវជន Sun Liang អាចរស់បានដោយការផឹកទឹកទន្លេ ព្រិលទឹកកក និងទទួលទានថ្នាំដុសធ្មេញ។

Sun បាន​ចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​ឡើងភ្នំ​តែម្នាក់ឯងនៅថ្ងៃទី០៨ ខែកុម្ភៈ ទៅកាន់ Qinling ដែលជាជួរភ្នំភាគខាងកើតឆៀងខាងលិចក្នុងខេត្ត Shaanxi ។ ទីនោះមានកម្ពស់ជាមធ្យមប្រហែល ២៥០០ម៉ែត្រ មានរុក្ខជាតិ និងសត្វព្រៃចម្រុះ។

ពីរថ្ងៃក្រោយមក Sun បានបាត់បង់ទំនាក់ទំនងជាមួយគ្រួសារ ពេលឧបករណ៍អេឡិចត្រូនិចរបស់គេអស់ថ្ម។ ដោយ​បាន​ដើរ​នៅ​ក្នុង​ទីរហោស្ថាន គេ​បាន​ដើរ​ចុះ​តាម​ព្រែក​មួយ ដួល​ជាច្រើន​ដង និង​របួស​បាក់​ដៃ​ស្តាំ។

ដើម្បី​ការពារ​ខ្លួន​ពី​ខ្យល់​ត្រជាក់ និង​ខ្យល់​បក់​ខ្លាំង គេសំងំ​ពី​ក្រោយ​ថ្ម​ធំ​មួយ ដេក​លើ​ចំបើង​ស្ងួត និង​ស្លឹកឈើ។ ទីបំផុត​គេត្រូវ​បាន​ក្រុម​សង្គ្រោះ​រក​ឃើញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត South China Morning Post កាល​ពី​ថ្ងៃ​ទី១៧ ខែកុម្ភៈ។

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អ្នកឡើងភ្នំជាង៥០នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន និងអ្នកខ្លះបានបាត់បង់ជីវិត៕