កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះកីឡាបាល់ទាត់នារីជើងឯកអាស៊ី ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មាន៣៣ក្រុមជម្រើសជាតិ បែងចែកជា ៨ពូល។ មានន័យថា កម្ពុជានឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះមួយពូល។
ក្រុមចំនួន៨បូករួមក្រុមចំនួន៤ទៀតនឹងឡើងទៅកាន់ជុំចុងក្រោយនៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦។ ក្រុមចំនួន៤ គឺម្ចាស់ផ្ទះអូស្ត្រាលី ចិន កូរ៉េខាងត្បូង និងជប៉ុន រង់ចាំចុងក្រោយរួចជាស្រេច។ ដូច្នេះសរុបទាំងអស់សម្រាប់ជុំផ្ដាច់ព្រ័ត្រ គឺ ១២ក្រុម ហើយបែងចែកជា៣ពូល។ ក្រុមលេខ១ និង លេខ២ តាមពូលនីមួយៗ ព្រមទាំងក្រុមលេខ៣ល្អចំនួន២ សរុប៨ក្រុមនឹងបន្តទៅកានវគ្គ៨ក្រុមចុងក្រោយ។
ក្រុមល្អជាងគេចំនួន៦ពីការប្រកួតនារីជើងឯកអាស៊ីនេះមានកៅអីទៅកាន់ការប្រកួតបាល់ទាត់នារីពិភពលោក ហើយក្រុមចំនួន២នឹងត្រូវជម្រុះអន្តរទ្វីបមួយដំណាក់កាលទៀតសិន។
ទាក់ទងទៅនឹងការធ្វើជាម្ចាស់ផ្ទះបាល់នារីអាស៊ី វគ្គជម្រុះយកកៅអីទៅឆ្នាំ២០២៦នេះដែរ កម្ពុជាមិនទាន់កំណត់ទីតាំងថា ត្រូវធ្វើនៅកីឡដ្ឋានណានៅឡើយទេ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា កម្ពុជាត្រូវបំពេញបែបបទមួយចំនួនជាមុនសិន។
ការចាប់ឆ្នោតចែកពូលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥៕