Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Amorim ជឿជាក់ថាកីឡាករលំដាប់កំពូលនៅតែចង់ចូលរួម Man Utd ទោះមិនបានលេងនៅ UCL

អ្នកចាត់ការ Manchester United លោក Ruben Amorim បានបង្ហាញជំនឿចិត្តថា ក្លឹបបិសាចក្រហមនៅតែអាចទាក់ចិត្តកីឡាករលំដាប់កំពូលៗឱ្យមកចូលរួម បើទោះបីជាពួកគេមិនមានកៅអី UEFA Champions League រដូវកាលក្រោយក៏ដោយ។

បច្ចុប្បន្ន Man United កំពុងឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង Premier League និងមានគម្លាត១៤ពិន្ទុពីតំបន់ Top 4 ដែលកាន់កាប់ដោយ Manchester City ហើយប្រហែលជាក្រុមរបស់លោក Amorim មិនអាចក្នុងការក្រសោបយកតំណែងលេខ៤ក្នុងលីគពេលចប់រដូវកាលនេះ ដូច្នេះវិធីតែមួយគត់ដើម្បីអាចទទួលបានឱកាសលេង Champions League នោះគឺពួកគេត្រូវតែឈ្នះជើងឯក UEFA Europa League រដូវកាលនេះឱ្យបាន។

ដ្បិតពួកគេមិនទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតលីគ និងត្រូវបានទម្លាក់ចេញពី League Cup និង FA Cup ប៉ុន្ដែ Man Utd មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ក្នុងពានរង្វាន់លំដាប់ទី២របស់អឺរ៉ុប ហើយពួកគេនឹងត្រូវលេងតទល់ជាមួយក្រុមខ្លាំងមកពីអេស្ប៉ាញ Real Socieda ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នារាត្រីថ្ងៃព្រហស្បតិ៍នេះ។

ទោះយ៉ាងណាក្ដី លោក Amorim នៅតែជឿជាក់ថា Man Utd នៅតែអាចនាំយកកីឡាករលំដាប់ពិភពលោកមកពង្រឹងក្រុមបាន បើទោះបីជាពួកគេមិនបានលេងនៅ Champions League ក៏ដោយ ប៉ុន្ដែលោកបានអះអាងថា ការឈ្នះជើងឯក Europa League អាចនឹងផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្លឹបរបស់លោក នារដូវកាលក្រោយ។

អ្នកចាត់ការជនជាតិព័រទុយហ្កាល់បានប្រាប់សារព័ត៌មាន Sky Sports ថា៖ “ខ្ញុំគិតថា វាមិនមែនជារឿងធំសម្រាប់អនាគតរបស់ក្លឹបទេ។ នេះជាការមើលឃើញរបស់ខ្ញុំ។ ខ្ញុំបានមកទីនេះបីខែមកហើយ ហើយខ្ញុំគិតច្បាស់លាស់ ប៉ុន្ដែខ្ញុំយល់ថាវាជាប្រែប្រួលច្រើនក្នុងរដូវកាលរបស់យើង។ ជាពិសេស ដោយសារតែយើងធ្លាក់ចេញពីប្រកួត Cup ហើយមានចំណាត់ថ្នាក់មិនល្អក្នុងលីគ ដែលអាចនឹងមានការផ្លាស់ប្ដូរច្រើន សូម្បីតែការគិតរបស់ពួកគេមកលើគ្រូបង្វឹក។ ដូច្នេះខ្ញុំដឹងថា វាធំធេងណាស់ ប៉ុន្ដែខ្ញុំសូមនិយាយម្ដងទៀត Manchester United អាចនាំយកកីឡាករល្អៗដោយមិនចាំបាច់មានកៅអី Champions League នាពេលអនាគតនោះទេ។ យើងត្រូវតែមានការផ្លាស់ប្ដូរច្រើន ហើយយើងកំពុងព្យាយាមធ្វើ។ ពេលនេះ មានរឿងជាច្រើនដែលសំខាន់ជាងការឈ្នះពាន តាមការយល់ឃើញរបស់ខ្ញុំ ប៉ុន្ដែខ្ញុំដឹងថា ការឈ្នះពាន Europa League អាចផ្លាស់ប្ដូរគ្រប់យ៉ាងសម្រាប់យើង ក្នុងរដូវកាលក្រោយ”។

“យើងត្រូវតែគិតអំពីក្លឹប គម្រោងរយៈពេលវែង ហើយដោះស្រាយបញ្ហាជាច្រើននាពេលនេះ។ កុំគិតថា បើយើងមិនឈ្នះ Cup យើងស្ថិតក្នុងទីតាំងមិនល្អ ប្រសិនបើអ្នកឈ្នះ Europa League យើងស្ថិតនៅទីតាំងល្អ ព្រោះបញ្ហានៅតែបន្ដកើតឡើងនៅទីនេះ បើទោះបីជាយើងឈ្នះ Champions League ក៏ដោយ”៕