Skip to content
    ទំព័រដើម  »  កីឡាជាតិ

ឪពុកម្ដាយលក់ដូរជិតក្លឹបវាយសី កូនក្លាយជាម្ចាស់មេដាយមាស

លោក សេងលី និង អ្នកស្រី សុខណៃ ម្ដាយកុមារី លី សុលីណា ម្ចាស់មេដាយមាស​ការប្រកួតកីឡាវាយសី Yonnex Main Vision វិញ្ញាសាកុមារីអាយុក្រោម១២ឆ្នាំ រំឭកថា កូនស្រីរបស់លោកទាំង២​ចាប់ផ្ដើមលេងកីឡាវាយសីដោយសារតែលក់ដូរនៅជិតតារាងវាយសីផ្ទាល់តែម្ដង។ ពេលមួយនោះ មានជនជាតិជប៉ុនម្នាក់បានហៅកុមារី លីណា ចូលលេងជាមួយ ហើយចាប់អារម្មណ៍កីឡាវាយសីរហូតមក។ ដោយសារតែមើលឃើញពីចំណង់ចំណូលចិត្ត និងទេពកោសល្យ Yonnex ក៏បានឧបត្ថម្ភដល់ការហ្វឹកហាត់ដល់កុមារីវ័យ១១ឆ្នាំ។

លោក សេងលី និង អ្នកស្រី សុខណៃ ក៏បានអរគុណ Yonnex និងលោកគ្រូ ឡី រដ្ឋា ក៏ដូចជាតារាងវិទ្យាល័យ ដែលជួយជ្រោមជ្រែងកូនស្រីរបស់អ្នកទាំង២កន្លងមក។

ចំណែកកុមារី លី សុលីណា ប្រាប់ថា ការលេងកីឡាវាយសីពិតជាល្អសម្រាប់សុខភាព និងថា ក៏មានចំណាប់អារម្មណ៍ចង់ក្លាយជាកីឡាការិនីជម្រើសជាតិមួយរូបដែរនាពេលអនាគត។

ទន្ទឹមនឹងនេះលោក ឡី រដ្ឋា ជាគ្រូបង្វឹកប្រចាំក្លឹបវាយសីបឹងកេងកងប្រាប់ថា កូនសិស្សក្មេងៗរបស់លោកសុទ្ធតែជាអ្នកស្រលាញ់កីឡា និងមានការប្រឹងប្រែងយ៉ាងខ្លាំង។ ប៉ុន្តែលោកក៏មិនបណ្ដោយឱ្យភ្លេចការសិក្សាដែរ ពោលទាល់តែធ្វើការងារសាលារួចរាល់ ទើបអាចចូលរួមហ្វឹកហាត់បាន។ លោករំពឹងថា ពួកគេនឹងក្លាយជាធនធានកីឡាដ៏ល្អរបស់កម្ពុជានាពេលអនាគត៕