អតីតខ្សែប្រយុទ្ធ Darren Bent បានលើកឡើងថា អ្នកចាំទីវ័យក្មេង Aaron Ramsdale ជាកីឡាករដែលស័ក្ដិសមបំផុត ដើម្បីជំនួស Pierre-Emerick Aubameyang ក្នុងតំណែងជាប្រធានក្រុម Arsenal។
មានការសង្ស័យចំពោះសមត្ថភាពរបស់ Ramsdale នៅពេលដែលក្លិបកាំភ្លើងធំបានចាយ ៣០លានផោន ដើម្បីផ្ទេរអ្នកចាំទីអង់គ្លេសរូបនេះពីក្លិប Sheffield United អំឡុងការដោះដូររដូវក្ដៅកន្លងទៅ ប៉ុន្ដែគេបានបង្ហាញពីតម្លៃរបស់ខ្លួនតបទៅនឹងការចំណាយទឹកប្រាក់ដ៏ច្រើនរបស់ក្លិប ដោយបំពេញតួនាទីបានយ៉ាងល្អនៅពេលទទួលបានឱកាសបង្ហាញខ្លួនលើទីលាន។
អ្នកចាំទីវ័យ២១ឆ្នាំរូបនេះ ក៏ធ្វើបានល្អដែរ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ទល់នឹង Southampton ជាមួយនឹងការសង្គ្រោះបាល់គ្រោះថ្នាក់មួយចំនួន ហើយជួយឱ្យ Arsenal ទទួលជ័យជម្នះដោយលទ្ធផល ៣-០ នៅក្នុងកីឡដ្ឋាន Emirates។
ហើយអតីតខ្សែប្រយុទ្ធ Aston Villa និង Tottenham Hotspur លោក Bent ដែលជាអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំមួយរូប គិតថា Ramsdale សមជាប្រធានក្រុម Arsenal ស្របពេលដែលប្រធានក្រុមបច្ចុប្បន្ន Aubameyang ហាក់ស្ថិតមិនសូវទទួលបានទំនុកចិត្តពីអ្នកចាត់ការ Mikel Arteta។
ឆ្លើយតបទៅនឹងសំណួរថាតើ កីឡាកររូបណាសមនឹងពាក់ស្លាកប្រធានក្រុម Arsenal លោក Bent បាននិយាយថា៖ “ខ្ញុំប្រហែលជាត្រូវនិយាយថា Ramsdale។ ប្រសិនបើ Tierney អាចធានាថាគេនឹងលេងរៀងរាល់សប្ដាហ៍ ពេលនោះគេសក្ដិសមតំណែងនេះ ប៉ុន្ដែអ្នកផ្សេងក្រៅពីគេ គឺ Ramsdale ដោយសារគេជាកីឡាករដែលបានលេងរៀងរាល់សប្ដាហ៍”។
ដោយឡែកខ្សែការពារ Takehiro Tomiyasu ដែលបានផ្ទេរមកចូលរួមពី Bologna កាលពីរដូវក្ដៅកន្លងទៅ ក៏ជាបេក្ខភាពដ៏ស័ក្ដិសមមួយរូប សម្រាប់តំណែងជាប្រធានក្រុម ផ្អែកលើសមត្ថភាពលេងដ៏នឹងនររបស់គេនៅតំបន់ការពារស្លាបខាងស្ដាំ។
ទោះយ៉ាងណាក្ដី លោក Bent យល់ឃើញថា កីឡាករជម្រើសជាតិជប៉ុនរូបនេះ មិនទាន់មានគុណភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រងតួនាទីជាប្រធានក្រុមនៅឡើយទេ៕