តំណាងក្រសួងអប់រំ យុវជន និង កីឡា ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ វ៉ាត់ ចំរើន និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ ឡងឌី សាន់ណារ៉ា នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ បានពិភាក្សាការងារស្ដីពីការត្រៀមចូលរួមពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី បន្តពីម្ចាស់ផ្ទះឆ្នាំ២០២៥ បារ៉ែន ដើម្បីកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៩។
កិច្ចប្រជុំនេះ បានផ្ដោតកិច្ចពិភាក្សាលើ ២ចំណុចសំខាន់ ទី១-ពាក់ព័ន្ធនឹងខ្លឹមសារ និងទស្សនទាន ជាសារត្រូវបង្ហាញតាមរយៈទស្សនីយ៍ភាព ដែលត្រូវសម្ដែងអបអរសាទរពិធីទទួលទង់កីឡាយុវជនអាស៊ី ក៏ដូចជាការស្វាគមន៍ប្រតិភូបណ្ដាប្រទេសក្នុងទ្វីបអាស៊ី មកកាន់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះបន្ដវេនពីប្រទេសបារ៉ែន នាឆ្នាំ២០២៩ និងទី២ គឺការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ រវាងក្រសួងអប់រំ និងក្រសួងវប្បធម៌។