ការទន្ទឹងចាំដ៏អន្ទះសារនូវការប្រកួតរបស់តារា MMA ខ្មែរ ចាន់ រតនា តទល់អ្នកប្រយុទ្ធលំដាប់ល្បីរបស់ជប៉ុន ត្រូវបានស្ថាប័ន One Championship ផ្អាកកាលខែមេសា ដោយសារការរាតត្បាតជំងឺកូវីដ១៩ ហើយមកទាល់បច្ចុប្បន្ន ចាន់ រតនា បង្ហើបឲ្យ AMS Sports ដឹងថា One មិនទាន់ផ្ដល់តម្រុយណាមួយនៃពេលវេលានៃការប្រកួតរបស់ខ្លួនឡើងវិញនៅឡើយ។
ការប្រកួតបន្ទាប់ ត្រូវគេរំពឹង ថាជាជំនួបដ៏អស្ចារ្យណាស់ ដែល ចាន់ រតនា នឹងប្រឈមមុខជាមួយអ្នកប្រមាញ់ជប៉ុន Yoya Wakamatsu ដែលជាបេក្ខជនលំដាប់ខ្សែក្រវាត់របស់ One ហើយក៏ជាក្ដីសង្ឃឹមរបស់អ្នកគាំទ្រអំពីការកសាងគ្រឹះនៃដំណើរ ទៅរកខ្សែក្រវាត់ណាមួយសម្រាប់កីឡាករដ៏មានប្រជាប្រិយភាពរូបនេះ។
មិនទាន់មានតម្រុយនៃពេលវេលាសម្រាប់ប្រកួតបន្ទាប់ តែ ចាន់ រតនា ដែលជាអ្នកប្រយុទ្ធខ្មែរតែម្នាក់ដែលមានមូលដ្ឋានយុទ្ធគុនសម្បូរបែប ដូចជាគុនខ្មែរ ល្បុក្កតោ យុទ្ធក្រមខម តេក្វាន់ដូ យូដូ វ៉ូវីណាម ជាដើម ត្រូវគេមើលឃើញថាតែងតែរក្សាការហ្វឹកហាត់យ៉ាងត្រឹមត្រូវ ហើយក៏តែងបញ្ជាក់ពីជំហរនៃការស្វែងរកលទ្ធផលដ៏គាប់ប្រសើរសម្រាប់ការវិលទៅកាន់ One ដែលខ្លួនទទួលបានកុងត្រា៦ប្រកួតក្នុងឆ្នាំ២០២០នេះ។
ចាន់ រតនា បានបន្សល់កំណត់ត្រាឈ្នះ៣ប្រកួតជាប់គ្នាដ៏អស្ចារ្យនៅ One Championship។ ក្នុងស្ថានភាពដែល កូវីដ១៩ កំពុងរំខានដល់ការរៀបចំការប្រកួតអន្តរជាតិ ដែលជាប្រភពចំណូលដ៏ចម្បងរបស់ខ្លួន ស្ថាបនិកក្លិបគុនខ្មែរ សិល្បៈ កំពុងស្រូបបានទីផ្សារថតស្ព័តពាណិជ្ជកម្មជាហូរហែរមួយរយៈចុងក្រោយ ដូចជាផ្សព្វផ្សាយពី រថយន្ត ប្រព័ន្ធទូរគមនាគមន៍ និង ភេសជ្ជៈ ជាដើម។