អតីតខ្សែបម្រើការពារជម្រើសជាតិសេណេហ្គាល់ Papa Bouba Diop ដែលស៊ុតផ្ដួលបារាំងក្នុងព្រឹត្តិការណ៍ FIFA World Cup 2002 បានទទួលមរណភាពក្នុងវ័យ៤២ឆ្នាំកាលពីថ្ងៃអាទិត្យទី២៩ខែវិច្ឆិកាឆ្នាំ២០២០ ដោយសាររោគាពាធ។
ប្រភពព័ត៌មានបានរាយការណ៍ថា Diop មានជំងឺជាយូរមកហើយ តែនៅថ្ងៃម្សិលមិញជាថ្ងៃចុងក្រោយដែលវីរបុរសសេណេហ្គាល់រូបនេះដកដង្ហើម។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាព Diop។
ប្រធានាធិបតីសេណេហ្គាល់ Macky Sall មានប្រសាសន៍ថាការចាកចេញរបស់ Diop ជាការបាត់បង់ដ៏ធំធេងសម្រាប់បាល់ទាត់ក្នុងប្រទេសលោក។
ចំណែកខ្សែប្រយុទ្ធមុតស្រួចរបស់ Liverpool: Sadio Mane បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «Papa អ្នកនឹងស្ថិតក្នុងបេះដូងប្រជាជនសេណេហ្គាល់ជារៀងរហូត»។
សូមរំឭកថា អាជីពបាល់ទាត់របស់ Diop ល្បីល្បាញបំផុតនៅពេលគេរកបានគ្រាប់បាល់ទី១ក្នុងព្រឹត្តិការណ៍ FIFA World Cup 2002 នៅកូរ៉េ-ជប៉ុន ដែលគ្រាប់បាល់នោះបានផ្ដល់បរាជ័យដល់ក្រុមការពារជើងឯកបារាំងក្នុងការប្រកួតបើកឆាកពូល A។ បារាំងនៅទីបញ្ចប់បានធ្លាក់ពីព្រឹត្តិការណ៍ត្រឹមវគ្គចែកពូល ខណៈ សេណេហ្គាល់ ឡើងជាមួយ ដាណឺម៉ាក មុនពេលធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយក្រោមថ្វីជើងទួរគី១-០។
Diop បានផ្ដើមអាជីពនៅក្លិប ASC Diaraf ក្នុងប្រទេសកំណើតសេណេហ្គាល់ក្នុងឆ្នាំ១៩៩៦ មុនពេលផ្ទេរមកអឺរ៉ុបក្នុងឆ្នាំ១៩៩៩ ដោយចូលរួមក្លិប Vevey រួចផ្លាស់ទៅ Neuchatel Xamax និង Grasshoppers ជាទីដែលលោកបានលើកពានលីគកំពូលស្វ៊ីសរដូវកាល២០០០-០១។ បន្ទាប់មក លោកបានផ្លាស់ទៅបារាំង ចូលរួមក្លិប Lens ក្នុងឆ្នាំ២០០២។ នៅឆ្នាំ២០០៤ លោកបានផ្ទេរមកអង់គ្លេស ដោយចូលរួម Fulham ដល់ឆ្នាំ២០០៧ផ្ទេរទៅ Portsmouth ហើយបានឈ្នះពាន FA Cup 2007-08។
ឆ្នាំ២០១០ លោកបានផ្ទេរទៅចូលរួមក្លិបក្រិក AEK Athens មួយរដូវកាល ឈ្នះពាន Greek Cup រួចត្រលប់មកអង់គ្លេសវិញចូលរួម West Ham United ក្នុងរដូវកាល២០១១-១២ មុនបញ្ចប់អាជីពនៅ Birmingham City ក្នុងរដូវកាល២០១២-១៣៕