Skip to content
កីឡាករ៧រូបដែលឡើងដល់កម្រិត World Class ក្រោយចាកចេញពី Real Madrid
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករ៧រូបដែលឡើងដល់កម្រិត World Class ក្រោយចាកចេញពី Real Madrid

កីឡាករឆ្នើមមួយចំនួនដូចជា James Rodriguez, Cluade Makelele និង Arjen Robben ជាដើម អាចបង្ហាញពីសក្ដានុពលរបស់ខ្លួន ក្រោយចាកចេញពីក្លិប Real Madrid។

កីឡាករទាំងនេះបានបង្ហាញថា ការចាកចេញពីរាជធានីអេស្ប៉ាញ អាចជួយឱ្យមានភាពល្អប្រសើរសម្រាប់អាជីពជាកីឡាករបាល់ទាត់របស់ពួកគេ។

ខាងក្រោមនេះ ជាកីឡាករ៧រូប ដែលបង្ហាញភាពលេចធ្លោដ្បិតចាកចេញពី Real Madrid។

James Rodriguez

ម្ចាស់ពានស្បែកជើងមាស World Cup 2014 បានសម្រេចចិត្តផ្ទេរទៅ Everton កាលពីរដូវក្ដៅឆ្នាំ ២០២០ ជាមួយកិច្ចសន្យាពីរឆ្នាំ។

ការលេងនៅក្នុងក្រុម Everton មានការប្រែប្រួលច្រើន ចាប់តាំងពីមានវត្តមានរបស់របស់ James ដោយខ្សែបម្រើកូឡុំប៊ីរូបនេះ រកគ្រាប់បាល់បាន៣គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុម ៤គ្រាប់ សម្រាប់ការបង្ហាញខ្លួន៦ប្រកួតដំបូង។

ថ្វីដ្បិតតែទើបតែបានចាប់ផ្ដើមអាជីពជាមួយ Everton ក៏ពិតមែន ប៉ុន្ដែ James អាចត្រូវបានចាត់ទុកថា ជាកីឡាករចំណូលថ្មីលេចធ្លោម្នាក់នៅរដូវកាលនេះ។

Claude Makelele

Makelele បានសម្រេចចាកចេញពីក្លិបយក្សអេស្ប៉ាញ ទៅចូលរួមជាមួយ Chelsea នៅក្នុងឆ្នាំ ២០០៣។ សម្រាប់ការចំណាយពេល៣រដូវកាលជាមួយ Real Madrid ខ្សែបម្រើការពាររូបនេះ ឈ្នះពាននៅក្នុងលីគ២លើក និង ឈ្នះពាន Champions League, Club World Cup និង UEFA Super Cup ផងដែរ។

កីឡាករបារាំងរូបនេះ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយ ក្រុមតោខៀវឈ្នះ Premier League រដូវកាល ២០០៤-០៥ និង ២០០៥-០៦ និងពានរង្វាន់ជាច្រើនទៀតសម្រាប់រយៈពេល៥ឆ្នាំជាមួយក្លិបអង់គ្លេស មុនពេលចាកចេញពីទឹកដី Stamford Bridge នៅឆ្នាំ ២០០៨ ទៅចូលរួមជាមួយ Paris Saint-Germain។

Arjen Robben

ខ្សែប្រយុទ្ធជនជាតិហុល្លង់ បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Real Madrid នៅឆ្នាំ ២០០៧ ដោយបានជួយក្រុមអធិរាជស ឈ្នះពាន La Liga នៅរដូវកាលដំបូង។

ប៉ុន្ដែចំណាយពេលបាន២រដូវកាលជាមួយក្លិបយក្សអេស្ប៉ាញ Robben ត្រូវបានលក់ចេញទៅ Bayern Munich បន្ទាប់ពីក្លិប Real Madrid បានចំណាយលុយយ៉ាងច្រើនដើម្បីទិញ Cristiano Ronaldo និង Kaka មកចូលក្រុម។

សម្រាប់ការប្រកបអាជីពនៅក្លិបអាល្លឺម៉ង់ បានជួយឱ្យ Robben ក្លាយជាខ្សែប្រយុទ្ធមុតស្រួចមួយរូប នៅអឺរ៉ុប ដោយរូបគេរកគ្រាប់បាល់បាន ១៤៤គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៣០៩ប្រកួត។ Robben ស្ថិតនៅលេខរៀងទី៨ ក្នុងបញ្ជីកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រ Bayern Munich។

Clarence Seedorf

មិនសូវខុសពី Robben នោះទេ ក្លិប Real Madrid បានបង្ខំចិត្តលក់ Seedorf ចេញនៅក្នុងឆ្នាំ ១៩៩៩ ព្រោះក្លិបត្រូវការលុយជាចាំបាច់។ លោក Seedorf ឈ្នះពាន La Liga និង Champions League នៅទឹកដី Santiago Bernabeu ប៉ុន្ដែក្លិបយក្សអេស្ប៉ាញ បានលក់ខ្សែបម្រើហុល្លង់ទៅឱ្យក្លិបអ៊ីតាលី Inter Milan។

បន្ទាប់មក Seedorf បានផ្លាស់ទៅ AC Milan ជាថ្នូរនៃការផ្ទេរ Francesco Coco មកចូលរួមជាមួយ Inter។ AC Milan នេះហើយដែល Seedorf បង្ហាញថារូបលោក ជាខ្សែបម្រើល្អបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់។

បន្ទាប់ពីឈ្នះពាន Champions League នៅឆ្នាំ ២០០៣ ជាមួយ Milan ធ្វើឱ្យ Seedorf ក្លាយជាមនុស្សដំបូង ដែលឈ្នះពានអឺរ៉ុបមួយនេះ ជាមួយ៣ក្លិបផ្សេងគ្នា ដោយក្លិបដំបូងដែលលោកបានឈ្នះពាននេះគឺ Ajax នៅក្នុងឆ្នាំ ១៩៩៥។ Seedorf ឈ្នះ Champions League លើកទី៤ជាមួយ Milan នៅក្នុងឆ្នាំ ២០០៧ ក្រោយយកឈ្នះ Liverpool 2-1 នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយរូបលោក ជាប់ឈ្មោះជាខ្សែបម្រើល្អបំផុតប្រចាំឆ្នាំរបស់ UEFA។

Wesley Sneijder

Sneijder ក៏ជាកីឡាករហុល្លង់ម្នាក់ផងដែរ ដែលមិនស្ថិតនៅក្នុងជម្រើសកីឡាករដែល Real Madrid ត្រូវការ បន្ទាប់ពីវត្តមានរបស់ Kaka និង Xabi Alonso នៅរដូវក្ដៅឆ្នាំ ២០០៩។

Sneijder បានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Inter Milan ហើយបានជួយក្រុមអ៊ីតាលីមួយនេះ ឈ្នះពាន៣សម្រាប់រដូវកាលដំបូង។ ហើយកីឡាករហុល្លង់រូបនេះ ជាកីឡាករដែលបញ្ជូន(assist) ច្រើនបំផុតនៅ Champions League រដូវកាល ២០០៩-១០ ហើយត្រូវបានបោះឆ្នោតជាប់ជា ខ្សែបម្រើល្អបំផុតប្រចាំឆ្នាំរបស់ UEFA។

នៅក្នុងរដូវក្ដៅឆ្នាំនោះ លោកបានជួយឱ្យក្រុមជម្រើសជាតិហុល្លង់ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ដែលបរាជ័យទល់នឹងអេស្ប៉ាញ។

Mesut Ozil

Ozil បានសម្រេចការផ្ទេរចេញពី Real Madrid ទៅចូលរួមជាមួយ Arsenal នៅរដូវក្ដៅឆ្នាំ ២០១៣ បើទោះបីជាអ្នកគាំទ្រ Real Madrid បានអង្វរប្រធានក្លិប Florentino Perez មិនឱ្យលក់ខ្សែបម្រើឆ្នើមរូបនេះចេញក៏ដោយ។

កីឡាករមានដើមកំណើតទួរគីរូបនេះ ត្រូវបានចាត់ទុកថា ជាខ្សែបម្រើឆ្នើម​បំផុតមួយរូបនៅ Premier League ដោយអាចបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥០គ្រាប់ សម្រាប់ការបង្ហាញខ្លួន ១៤១ប្រកួត។

ហើយសម្រាប់ក្រុមជម្រើសជាតិ Ozil បានជាប់ឈ្មោះជាកីឡាករអាល្លឺម៉ង់ល្អបំផុតប្រចាំឆ្នាំ ២លើក និងបានជួយក្រុមលោក Jochim Low ឈ្នះពាន World Cup 2014ថែមទៀតផង។

Gonzalo Higuain

Higuain បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយ Real Madrid នៅរដូវក្ដៅឆ្នាំ ២០១៣ ទៅចូលរួមជាមួយ Napoli ក្នុងតម្លៃ ៣០លានផោន។

ចំណាយពេល៣រដូវកាលជាមួយ Napoli ខ្សែប្រយុទ្ធលេខ៩រូបនេះ រកគ្រាប់បាល់សរុប៩១គ្រាប់ និងជាមួយក្រុមអ៊ីតាលីមួយនេះឈ្នះពាន Coppa Italia រដូវកាល ២០១៣-១៤ និង Supercoppa Italia ឆ្នាំ ២០១៤។

Higuain បានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup 2014 ដោយបរាជ័យទល់នឹងអាល្លឺម៉ង់ ដោយលទ្ធផល ១-០ នៅម៉ោងបន្ថែម៕