ការបង្ហាញពីអត្ថប្រយោជន៍នៃការលេងកីឡា និងជ្រោមជ្រែងមហាជនចូលរួមលេងកីឡាឱ្យបានច្រើន គឺជាអត្ថន័យដ៏សំខាន់នៃជ័យជម្នះរបស់ក្រុមកីឡាប៉េតង់សន្តិភាពវ័យចាស់ដែលបានលើកពានការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់មហាជនមួយនាស្តាតអូឡាំពិក ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្ដម សោម ចិន ប្រធានក្លិបកីឡាប៉េតង់សន្តិភាពវ័យចាស់មានប្រសាសន៍ថា ការលេងកីឡាពិតជាសំខាន់សម្រាប់សុខភាព ហើយក្រុមកីឡាកររបស់ឯកឧត្ដមដែលសុទ្ធតែជាអ្នកមានវ័យចាស់បែបនេះ ក៏ចង់បង្ហាញជាគំរូដល់មហាជនជាពិសេសយុវជនឱ្យចាប់យកការលេងកីឡាឱ្យបានច្រើន។
ក្រុមកីឡាប៉េតង់សន្តិភាពវ័យចាស់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ប្រមូលផ្ដុំដោយអ្នកនិយមកីឡាប៊ូលមានវ័យចំណាស់ ដើម្បីចូលរួមសកម្មភាពលេងកីឡា ទទួលបានសុខភាពល្អ និងបង្កើតសាមគ្គីភាព មិត្តភាព ក៏ដូចជាបង្ហាញការគាំទ្រដល់តម្លៃនៃសន្តិភាព៕