ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាលើកឡើងក្រោយបិទបញ្ចប់ការប្រកួតលីគនារី Queen Legends រដូវកាលទី២ វិញ្ញាសា Mobile Legend Bang Bang នាឱកាសនោះឯកឧត្តម បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាការិនីគ្រប់ក្រុមទាំងអស់សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មីនេះថាគុណផលគ្រប់ក្រុមពិតជាស្ថិតក្នុងកម្រិតមួយរីកចម្រើន បើធៀបទៅនិងរដូវកាលចាស់។ អគ្គលេខាធិការរូបនេះបន្តថាសមត្ថភាពក្រុមកីឡាការិនីកីឡាអេឡិចត្រូនិចកម្ពុជាក្នុងពេលបច្ចុប្បន្នពិតជាបានជំហានថ្មីមួយទៀត ជាក់ស្តែងការប្រកួតប្រជែងកាន់តែស្វិតស្វាញ ពោលគឺក្រុមនីមួយៗ មានការកើនឡើងផ្នែកគុណផលកីឡាគួរឱ្យកត់សម្គាល់ ខណៈអ្នកគាំទ្រក៏មានសន្ទុះច្រើនជាងមុន។
ជាមួយគ្នា ឯកឧត្តម លន់ សាមឌី ក៏បានបញ្ជាក់ពីក្រុមគ្រងជើងឯកក្នុងរដូវកាលនេះនឹងត្រូវតំណាងជាតិចេញទៅប្រកួតលើឆាកអន្ដរជាតិជាច្រើន ដូចជាស៊ីហ្គេម និងការប្រកួតជម្រុះជើងឯកពិភពលោក នាចុងឆ្នាំ២០២៥ នេះជាដើម។
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Quenn Legends រដូវកាលទី២ ឆ្នាំ២០២៥ គឺមាន ៨ក្រុមចូលរួម ។ ជាលទ្ធផលក្រោយប្រកួតប្រជែង ៧សប្ដាហ៍ បញ្ចប់ទៅដោយគឺក្រុម CFU Serendipity បានក្លាយជាជើងឯក លើកទី២ អមជាមួយប្រាក់រង្វាន់ ២២លានរៀល និងក្រុម Galaxy Phoenix បន្ដគ្រងជើងឯករង អមប្រាក់រង្វាន់ ១២លានរៀល ។ រីឯលេខ៣ បានទៅក្រុមថ្មី Evil Eye Serenity អមប្រាក់រង្វាន់ ៨លានរៀល ជំនួសក្រុម Duck Rice Athena ដែលជាម្ចាស់ជយលាភីលេខ៣ ឆ្នាំមុន៕



