សិស្សអនុវិទ្យាល័យចតុមុខចំនួន១០០នាក់បានចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ កាលថ្ងៃអង្គារ ទី៩ ខែធ្នូ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាប់ផ្ដើមយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក(OVEP) ឆ្នាំ២០២៥ ដោយផ្ដើមពីរាជធានីភ្នំពេញ មុនគេ នៅថ្ងៃទី៩ ខែធ្នូនេះ នៅអនុវិទ្យាល័យចតុមុខ ដោយមានសិស្សានុសិស្សប្រមាណ ១០០នាក់ចូលរួម។
លោក ប៊ុយ សុភ័ណ្ឌ ជាវាគ្មិនប្រចាំកម្មវិធីនេះ មានប្រសាសន៍៍ថា ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអូឡាំពិកកម្ពុជា ក្រុមការងាររៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក បានចុះរៀបចំកម្មវិធីដំបូង នៅអនុវិទ្យាល័យចតុមុខ ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីគុណតម្លៃពូឡាំពិក ក៏ដូចជាប្រវត្តិកកើតចលនាអូឡាំពិក តាំងពីសម័យបុរាណ រហូតសម័យទំនើប។
នេះគឺជាកម្មវិធីប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំឡើង ដើម្បីបញ្ជ្រាបការយល់ដឹងអអំពីគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្ស ក៏ដូចជាជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ បន្ថែមលើនេះ ឆ្នាំនេះ NOCC ក៏បានភ្ជាប់ជាមួយការផ្សព្វផ្សាយយុទ្ធនាការដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។
លោកទីប្រឹក្សាបានគូសបញ្ជាក់ទៀតថា សម្រាប់កម្មវិធី OVEP ឆ្នាំនេះ គ្រោងនឹងរៀបចំចំនួន ៧ សាលា កំឡុងខែធ្នូ ឆ្នាំ២០២៥ នេះ ក្នុងនោះមាន ៤សាលាគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញ និង ៣សាលាទៀត នឹងរៀបចំនៅតាមបណ្ដាលខេត្តជាបន្ដបន្ទាប់ នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នា មុនចាប់ផ្ដើមកម្មវិធី ក្រុមការងារ ក៏បានរៀបចំពិធីស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពដួងវិញ្ញាណក្ខន្ដប្រជាពលរដ្ឋខ្មែរស្លូតត្រង់ និងវីរកងទ័ព ដែលបានលះបង់ជីវិត ក្នុងការការពារបូរណភាពទឹកដីជាតិ នៅតាមព្រំដែន។
បន្ទាប់ពីអនុវិទ្យាល័យចតុមុខ យុទ្ធនាការនេះបានបន្តទៅវិទ្យាល័យ ជាស៊ីម សាមគ្គី នៅថ្ងៃទី១០ នេះ និងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្ងៃទី១១ និងថ្ងៃទី១២ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា៕
