ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូល ៣សម័យកាលជាប់គ្នា ទោះចាញ់ភ្នំពេញក្រោន ក្នុងជំនួបបិទរដូវកាល

1 នាទីអាន

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីលើកពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា (Cambodian Premier League) ប្រចាំរដូវកាល ២០២៥-២០ យ៉ាងអធិកអធម កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍ទី៣២ ដែលជាសប្តាហ៍ចុងក្រោយបង្អស់។

ទោះបីជាត្រូវខកចិត្តក្នុងផ្ទះខ្លួនឯង ក្រោមថ្វីជើងក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងលទ្ធផល ១-២ យ៉ាងណាក្តី ក៏លទ្ធផលនេះមិនបានរាំងស្ទះដល់ការអបអរសាទររបស់ក្រុមស្វាយរៀង ឡើយ។ នេះជាការការពារតំណែងជើងឯកលីគកំពូលបានសម្រេចរហូតដល់ ៣រដូវកាលជាប់ៗគ្នារបស់ព្រះខ័នរាជស្វាយរៀង ក្រោយបញ្ចប់ការប្រកួតទាំង ២៩លើក មាន ៦៦ពិន្ទុ (ឈ្នះ២១ ស្មើ៣ ចាញ់៦)។

ជាមួយគ្នានេះ លីគកំពូលកម្ពុជាក៏បានរកឃើញបេក្ខភាពផ្លូវការចំនួន ២ក្រុម ឡើងទៅតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ ក្នុងពានរង្វាន់ធំលំដាប់ទី២ របស់អាស៊ី AFC Champions League Two ផងដែរ រួមមាន៖

ព្រះខ័នរាជស្វាយរៀង៖ ទទួលបានកៅអីឡើងទៅលេងវគ្គចែកពូលដោយស្វ័យប្រវត្តិ (ម្ចាស់ជើងឯក)។

ភ្នំពេញក្រោន៖ ទទួលបានកៅអីទៅលេងក្នុងវគ្គជម្រុះ – Play-off (ជើងឯករង មាន ៥៦ពិន្ទុ)។

ចំណែកឯក្រុមអង្គរថាយហ្គឺរ បើទោះបីជាមាន ៥៦ពិន្ទុស្មើភ្នំពេញក្រោន និងមានគ្រាប់បាល់ចំណេញរហូតដល់ ៣០គ្រាប់ (ច្រើនជាងភ្នំពេញក្រោន ១៣គ្រាប់) យ៉ាងណាក្តី ក៏ត្រូវឈរនៅចំណាត់ថ្នាក់លេខ៣ ដដែល ដោយសារតែចាញ់រូបមន្តប្រកួតទល់មុខគ្នា (Head-to-Head) ក្រោមថ្វីជើងភ្នំពេញក្រោន។

គួរបញ្ជាក់ថា ៣ប្រកួតចុងក្រោយនៃ៦ក្រុមខាងលើ-Top6 បញ្ចប់រដូវកាល ២០២៥-២០២៦ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ចាញ់ ភ្នំពេញក្រោន ១-២, អង្គរថាយហ្គឺរ បានយកឈ្នះ ណាហ្គាវើលដ៍ ៤-១ ខណៈបឹងកេត បានយកឈ្នះ អ៊ឹមអូអាយកំពង់ដេវ៉ា ៤-៣៕