អតីតអ្នកប្រយុទ្ធក្បាច់គុនចម្រុះ (MMA) ជនជាតិកៀហ្ស៊ីស៊ីស្ថាន Medet Zheenaliev បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ បន្ទាប់ពីបានលោតចូលទៅក្នុងបឹងដើម្បីជួយសង្គ្រោះក្មេងស្រីជំទង់ ៤ នាក់ដែលកំពុងជួបគ្រោះថ្នាក់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា នៅបឹង Issyk-Kul ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដែលជាស្រុកកំណើតរបស់គេ។ នៅពេលកំពុងសម្រាកលំហែកាយជាមួយមិត្តភក្តិ Zheenaliev បានឃើញក្មេងស្រី ៤នាក់កំពុងហែលទឹកលេងនៅក្នុងបឹង ស្រាប់តែមានម្នាក់ក្នុងចំណោមពួកគេត្រូវបានចរន្តទឹកគួចទាញទៅក្រោមយ៉ាងខ្លាំង។

ភ្លាមៗនោះ រូបគេ និងមិត្តភក្តិម្នាក់ទៀត បានសម្រេចចិត្តលោតចូលទៅជួយស្រោចស្រង់ក្មេងស្រីទាំង ៤ នាក់រហូតបានមកដល់ច្រាំងដោយសុវត្ថិភាព។ ប៉ុន្តែជាអកុសល នៅក្នុងសកម្មភាពដ៏ក្លាហាននោះ Zheenaliev បានលិចបាត់ទៅក្នុងទឹក ហើយមិនបានត្រឡប់មកវិញឡើយ។
នៅថ្ងៃបន្ទាប់ ក្រុមអ្នកមុជទឹកបានរកឃើញសាកសពរបស់គេនៅបាតបឹង ដែលអាជ្ញាធរបញ្ជាក់ថា គេបានស្លាប់ដោយសារការលង់ទឹកក្នុងកំឡុងពេលបំពេញបេសកកម្មជួយសង្គ្រោះមនុស្ស។

គួរបញ្ជាក់ថា Medet Zheenaliev ធ្លាប់ជាកីឡាករ MMA ដែលបានចូលរួមប្រកួតនៅក្នុងប្រទេសរុស្ស៊ី ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩ ដោយធ្លាប់ឆ្លងកាត់ការប្រកួតចំនួន ៤ ដង (ឈ្នះ ២ និងចាញ់ ២)។ គេបានចាប់ផ្តើមអាជីពយ៉ាងអស្ចារ្យដោយការយកឈ្នះគូប្រកួត Vladimir Kravchuk នៅទឹកទី១ តាមរយៈក្បាច់ឃ្លេ (Arm-bar submission) និងប្រាំមួយខែក្រោយមកបានបន្តយកឈ្នះ Shamil Temirkhanov ដោយការវាយឱ្យសន្លប់ (Knockout) នៅក្នុងទឹកទី១។ លោកបានបញ្ចប់អាជីពលើសង្វៀននៅក្នុងខែសីហា ឆ្នាំ ២០១៩ ក្រោយពេលគ្រូពេទ្យបញ្ឈប់ការប្រកួតក្នុងទឹកទី១៕
Zheenaliev ត្រូវបានកំណត់ឱ្យប្រកួតលើកទីប្រាំនៅក្នុងខែកញ្ញា ឆ្នាំ 2019 នេះបើយោងតាមទំព័ររបស់គេនៅលើ tapology.com។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតជាមួយនឹង Samray Shaykhamodov ត្រូវបានលុបចោលដោយហេតុផលដែលមិនបានបញ្ជាក់។
