ព័ត៌មានចចាមអារ៉ាម ថ្ងៃអង្គារ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ទីផ្សារដោះដូរកីឡាករបាល់ទាត់អឺរ៉ុបកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងពាក្យចចាមអារ៉ាមថ្មីៗចុងក្រោយបង្អស់ទាក់ទងនឹងការផ្លាស់ប្តូររបស់គ្រូបង្វឹក និងកីឡាករល្បីៗជាច្រើនរូប។
ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ លោក Jose Mourinho ដែលបានត្រលប់មកដឹកនាំក្លឹប Real Madrid សារជាថ្មី មានបំណងចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឱ្យក្លឹបជើងឯក La Liga គឺ Barcelona ក្រោមកិច្ចសន្យាខ្ចីជើងពី Manchester United។
ជាមួយគ្នានេះដែរ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Antonio Rudiger វ័យ ៣៣ ឆ្នាំ ត្រៀមនឹងបន្តកិច្ចសន្យារយៈពេលមួយឆ្នាំទៀតជាមួយ Real Madrid ប៉ុន្តែក្លឹបអធិរាជសនៅតែបន្តចំណាប់អារម្មណ៍ក្នុងការទិញយកខ្សែការពារ Josko Gvardiol វ័យ ២៤ ឆ្នាំរបស់ Manchester City។
ក្រឡេកមកមើលលីគកំពូល Premier League វិញ ក្លឹប Everton និង Aston Villa កំពុងបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិដាណឺម៉ាក William Osula វ័យ ២២ ឆ្នាំរបស់ Newcastle United។ ចំណែកឯខ្សែការពារកណ្តាលរបស់ Chelsea គឺ Levi Colwill វ័យ ២៣ ឆ្នាំ មិនទាន់មានការចរចាលើការបន្តកិច្ចសន្យាថ្មីនៅឡើយទេ ដោយការពិភាក្សាអាចនឹងត្រូវពន្យារពេលទៅដល់រដូវក្តៅខាងមុខ។
ចំពោះក្លឹបបិសាចក្រហម Manchester United និងតោខៀវ Chelsea គឺកំពុងប្រជែងគ្នាចាប់អារម្មណ៍លើខ្សែប្រយុទ្ធអាល្លឺម៉ង់ Karim Adeyemi ខណៈដែលក្លឹប Borussia Dortmund រីករាយនឹងលក់កីឡាករវ័យ ២៤ ឆ្នាំរូបនេះប្រសិនទទួលបានតម្លៃខ្លួនសមរម្យ។
ដោយឡែក អ្នកចាំទីជើងចាស់សញ្ជាតិអង់គ្លេស Tom Heaton វ័យ ៤០ ឆ្នាំ ជិតឈានដល់ការព្រមព្រៀងបន្តកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែមទៀត ដើម្បីបន្តស្នាក់នៅទឹកដី Old Trafford សម្រាប់រដូវកាលទីប្រាំមួយ។
សម្រាប់ព័ត៌មានដោះដូរកីឡាករផ្សេងទៀត ខ្សែការពារស្លាបស្តាំសញ្ជាតិហូឡង់ Lutsharel Geertruida វ័យ ២៥ ឆ្នាំ ដែលកំពុងលេងឱ្យ Sunderland ក្រោមកិច្ចសន្យាខ្ចីជើងពី RB Leipzig មានបំណងចង់បន្តលេងនៅក្នុងលីគកំពូលអង់គ្លេសនារដូវកាលក្រោយ ចំពេលមានការចាប់អារម្មណ៍ពី Everton។
ទន្ទឹមនឹងនេះ ក្លឹបហង្សក្រហម Liverpool ក៏កំពុងរៀបចំផែនការដេញថ្លៃយកខ្សែការពារ Denzel Dumfries វ័យ ៣០ ឆ្នាំរបស់ Inter Milan ដើម្បីមកពង្រឹងតំណែងខ្សែការពារស្លាបស្តាំរបស់ខ្លួនផងដែរ។
