ចាប់អារម្មណ៍ខ្លាំង! Georgina Rodriguez លេងខ្លួនស្ទីលថ្មីប្លែកភ្នែក មើលសឹងមិនស្គាល់ ខណៈត្រៀមអាពាហ៍ពិពាហ៍ជាមួយ Ronaldo ក្រោយចប់ World Cup

គូដណ្តឹងរបស់ Cristiano Ronaldo គឺ Georgina Rodriguez បានបង្ហាញរូបរាងសក់ពណ៌ទង់ដែងថ្មីរបស់នាងនៅឯមហោស្រពភាពយន្ត Cannes។

1 នាទីអាន

កញ្ញា Georgina Rodriguez ដែលជាគូដណ្តឹងរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo បានធ្វើឱ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលនាងបានបង្ហាញខ្លួនជាមួយនឹងស្ទីលលេងខ្លួនថ្មីប្លែកដាច់គេ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង Cannes (Cannes Film Festival) លើកទី ៧៩ នៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី ១៧ ខែឧសភា។

នៅក្នុងកម្មវិធីប្រគល់រង្វាន់ Kering Women in Motion Awards ឆ្នាំ ២០២៦ តារាម៉ូដែល និងជាអ្នកបង្កើតមាតិកាវ័យ ៣២ ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកថតរូបយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរពណ៌សក់ទៅជាពណ៌ទង់ដែង (Blonde) ដ៏ទាក់ទាញ គួបផ្សំនឹងការគ្រងឈុតអាវធំពណ៌ខ្មៅ និងអាវក្រៅពណ៌ខៀវខ្ចី ដែលបញ្ចេញនូវភាពសិចស៊ី និងស៊ីវិល័យយ៉ាងខ្លាំង។

ទាក់ទងនឹងរឿងរ៉ាវស្នេហា គូស្នេហ៍ដ៏ល្បីល្បាញមួយគូនេះបានប្រកាសពីការភ្ជាប់ពាក្យកាលពីខែសីហាកន្លងទៅ បន្ទាប់ពីបានមើលចិត្តគ្នាអស់រយៈពេល ៩ ឆ្នាំ។ ពិធីរៀបអាពាហ៍ពិពាហ៍ផ្លូវការរបស់ Cristiano Ronaldo និង Georgina Rodriguez ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងអំឡុងរដូវក្តៅនេះ ពោលគឺបន្ទាប់ពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់។

ដោយឡែកសម្រាប់ Cristiano Ronaldo វិញ បច្ចុប្បន្នកំពុងតែផ្តោតអារម្មណ៍យ៉ាងខ្លាំងលើការប្រកួតក្នុងលីគកំពូល អារ៉ាប៊ីសាអូឌីត Saudi Pro League ជាមួយក្លឹប Al-Nassr។ ក្រុមរបស់គេមានឱកាសខ្ពស់ក្នុងការលើកពានរង្វាន់ជើងឯក ប្រសិនបើពួកគេអាចយកឈ្នះក្រុម Damac នៅក្នុងដីរបស់ខ្លួននាការប្រកួតខាងមុខ។ បច្ចុប្បន្ន Al-Nassr កំពុងនាំមុខនៅលើកំពូលតារាងដោយមាន ២ពិន្ទុលើសក្រុមគូប្រជែង Al-Hilal ហើយការទទួលបានជ័យជម្នះនឹងជួយឱ្យម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះ ឈ្នះពានរង្វាន់ដំបូងបង្អស់របស់ខ្លួននៅ អារ៉ាប៊ីសាអូឌីត ក្រោយរួមរស់ជាមួយក្លឹបអស់រយៈពេល ៣ឆ្នាំ។

បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយក្លឹបអាជីព ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ នឹងត្រូវបន្តបេសកកម្មដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងនាមជាប្រធានក្រុម ដើម្បីប្រជែងយកពានរង្វាន់ World Cup នៅតំបន់អាមេរិកខាងជើង។ ក្រោយពេលបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ អតីតវីរៈបុរសរបស់ក្លឹប Manchester United រូបនេះ នឹងត្រូវសម្រេចបំណងប្រាថ្នាដ៏ធំមួយទៀតក្នុងជីវិត គឺការដឹកដៃគូស្នេហ៍ដ៏ស្មោះស្ម័គ្រ Georgina ចូលរោងការតាមការរំពឹងទុករបស់គ្រួសារ និងអ្នកគាំទ្រជុំវិញពិភពលោក។