Skip to content
អតីតកីឡាករឆ្នើមរបស់ Real Madrid ម្នាក់ ត្រូវបានប្រកាសក្ស័យធន ក្រោយបរាជ័យលើវិថីសិល្បៈ
    ទំព័រដើម  »  កីឡាអន្តរជាតិ

អតីតកីឡាករឆ្នើមរបស់ Real Madrid ម្នាក់ ត្រូវបានប្រកាសក្ស័យធន ក្រោយបរាជ័យលើវិថីសិល្បៈ

អតីតកីឡាករឆ្នើមរបស់ Real Madrid, Royston Drenthe ត្រូវបានប្រកាសក្ស័យធនដោយតុលាការប្រទេសហុល្លង់ ខណៈបុរសវ័យ៣៣ឆ្នាំរូបនេះ ពុំមានវត្តមានក្នុងពេលប្រកាសនោះទេ។

Drenthe បានអះអាងប្រាប់ វេបសាយ voetbalzone គេនឹងធ្វើការតតាំងជាមួយសេចក្ដីសម្រេចនេះ នៅពេលដែលមេធាវីរបស់ខ្លួន ត្រលប់ពីវិស្សមកាលវិញ។

ខ្សែបម្រើជនជាតិហុល្លង់បាននិយាយថា៖ “ខ្ញុំមិនបានដឹងរឿងលម្អិត ហើយមិនបានដឹងថា មានអ្វីនឹងកើតឡើងនោះទេ ប៉ុន្ដែបើតាមខ្ញុំគិត វាមិនសូវសំខាន់នោះទេ។ ខ្ញុំតែងតែស្ថិតនៅក្រោមការតាមដាន ប៉ុន្ដែវានឹងត្រូវបានដោះស្រាយ”។

អតីតខ្សែបម្រើ Everton រូបនេះ បានប្រកាសចូលនិវត្តពីបាល់ទាត់នៅឆ្នាំ ២០១៦ ហើយបានចាប់អាជីពជាតារាចម្រៀងរ៉េប និងត្រូវបានគេស្គាល់ថា Roya2Faces។ Drenthe បានប្រលូកក្នុងអាជីជាតារាភាពយន្ដផងដែរ ដោយបានសម្ដែងនៅក្នុងរឿងភាគទូរទស្សន៍ Mocro Maffia កាលពីខែមីនា កន្លងទៅ។ កាលពីថ្មីៗនេះ Drenthe បានបញ្ជាក់ថា គេបានខាតបង់ទឹកប្រាក់ ៣,២លានផោន បន្ទាប់ពីចាកឆ្ងាយពីបាល់ទាត់។

រំឭកទៅកាលពីជាង១០ឆ្នាំមុន Drenthe ជាកីឡាករដែលក្លិបនានាចង់បានបំផុតក្នុងទ្វីបអឺរ៉ុប ប៉ុន្តែអាជីពរបស់គេមិនបានដំណើរការដូចគម្រោងឡើយ រហូតដល់គេប្រកាសចូលនិវត្តន៍រយៈពេលខ្លី(២ឆ្នាំ)អំឡុងវ័យ២៩ឆ្នាំ។

ក្នុងរដូវក្ដៅឆ្នាំ២០០៧ កីឡាករកម្ពស់១.៦៧ម៉ែត្ររូបនេះត្រូវបានចាត់ទុកជាកំពូលតារាជំនាន់ថ្មីរបស់ហុល្លង់ ក្រោយនាំជម្រើសជាតិរបស់គេលើកពាន Euro U21 និងឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍នោះ ជាពានដែលវីរបុរសមួយចំនួនធ្លាប់បានឈ្នះដូចជា Luis Figo, Andrea Pirlo និង Fabio Cannavaro ជាដើម។

Drenthe និយាយថាឆ្នាំនោះ ក្លិបធំៗដូចជា Chelsea, Manchester United និង Barcelona សុទ្ធតែចង់បានគេ។ វាមិនមែនជាការសម្រេចចិត្តងាយស្រួលឡើយតែទីបំផុតគេបានជ្រើសយក Real Madrid នៅពេលនោះដោយសារឪពុកចុងរបស់គេជាអ្នកគាំទ្រក្លិបយក្សអេស្ប៉ាញមួយនេះ។

កាលណោះ Drenthe ទើបមានវ័យ២០ឆ្នាំ និងទើបបានលេងបាល់អាជីព(ក្រុមធំ)បាន១រដូវកាលប៉ុណ្ណោះជាមួយ Feyenoord មុនផ្លាស់ទៅចូលរួមក្លិបសម្បូរតារាឆ្នើមៗបំផុតក្នុងតម្លៃ១៤លានអឺរ៉ូ។

នៅ Bernabeu កីឡាករដែលអាចលេងការពារស្លាបក៏បាន-បម្រើស្លាបក៏បានរូបនេះ បានស៊ុតចូលពីចម្ងាយយ៉ាងអស្ចារ្យក្នុងប្រកួតទី១ ហើយគេបានចូលលេងយ៉ាងទៀតទាត់ក្នុងក្រុមលោក Bernd Schuster ដោយស៊ីរ៉ូល Marcelo និងបានឈ្នះជើងឯក La Liga។ តែក្រោយ Real ប្ដូរអ្នកចាត់ការ Drenthe លែងជាជម្រើសដំបូងរបស់ Real ទៀតហើយ រាប់ទាំងក្នុងសម័យលោក Jose Mourinho ផង ខណៈការលេងរបស់គេមិនដល់ការរំពឹងនិងទាមទារពីសំណាក់អ្នកគាំទ្រនិងអ្នកចាត់ការ។

នៅរដូវកាលទី៣ជាមួយ Real រូបគេត្រូវបានបញ្ចេញឱ្យ Hercules ខ្ចី (២០១០-១១)។ Drenthe និយាយថានៅ Hercules គេលេងបានល្អ តែក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុ ជំពាក់ប្រាក់ខែកីឡាករនិងផ្សេងៗទៀត។ នៅពេលនោះ គេកំណត់ក្នុងចិត្តថាបើក្លិបមិនបើកប្រាក់ខែឱ្យទេ គេមិនទៅហាត់ឡើយ។ គេបានធ្វើពហិការ តែក៏បានបណ្ដាលឱ្យក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រផងដែរ។

បន្ទាប់មក Everton ខ្ចីគេក្នុងរដូវកាល២០១១-១២។ តែបានមួយរយៈខ្លី លោក David Moyes ក៏បានបញ្ឈរជើងគេចោល ស្របពេលមានចចាមអារ៉ាមថាគេគ្មានវិន័យ។ នៅរដូវកាលបន្ទាប់ គេទៅចូលរួមក្លិបរុស្ស៊ី Spartak Vladikavkaz ជាអចិន្ត្រៃយ៍ក្នុងរដូវកាល២០១២-១៣ ក្រោយកិច្ចសន្យាជាមួយ Real អស់សុពលភាព។

នៅរុស្ស៊ីបាន១ឆ្នាំ គេបានត្រលប់មកអង់គ្លេសជាថ្មី ដោយចូលរួម Reading។ ១ឆ្នាំបន្ទាប់ គេត្រូវបាន Sheffield Wednesday ខ្ចីក្នុងរដូវកាល២០១៤-១៥។ ក្នុងឆ្នាំ២០១៥ គេបានលេងឱ្យក្លិងទួរគី Kayserie Erciyesspor មួយរយៈខ្លី រួចមកអាស៊ីចូលរួមក្លិបអារ៉ាប់រួម Baniyas។

បន្ទាប់ពីមានបញ្ហាជាច្រើនជាមួយភ្នាក់ងារ និងក្លិបជំពាក់ប្រាក់ខែផង វិលវល់ចិត្តផង Drenthe បានចូលនិវត្តន៍ក្នុងឆ្នាំ២០១៦។

ក្រោយបរាជ័យលើវិថីសិល្បៈ Drenthe បានត្រលប់មកប្រកបអាជីពជាកីឡាករបាល់ទាត់សារជាថ្មីនៅឆ្នាំ ២០១៨ ដោយចូលរួមក្លិប Sparta Rotterdam ហើយបច្ចុប្បន្ន គេលេងឱ្យក្លិប Kozakken Boys នៅលីគទី៣ហុល្លង់៕