មិនបាច់បារម្ភទេ! អ្នករត់ម៉ារ៉ាតុងអន្តរជាតិអង្គរខែសីហានឹងបានមេដាយភ្លាមៗដោយមិនចាំបាច់រង់ចាំឡើយ

0 នាទីអាន

អ្នកចូលរួមរត់ទិវាម៉ារ៉ាតុងអន្តរជាតិអង្គរ ២០២៦ ថ្ងៃអាទិត្យ ទី២ ខែសីហា ខាងមុខ នឹងទទួលបានមេដាយភ្លាមៗ តែម្ដង ដោយលែងរង់ចាំដូចកាលពីខែមិថុនាទៀតឡើយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្ដមអគ្គលេខាសង្កត់ធ្ងន់ថា ទាំងមេដាយអនុស្សាវរីយ៍ និងមេដាយរង្វាន់ត្រូវបានត្រៀមរួចរាល់ហើយ និងត្រូវប្រគល់ជូនភ្លាមៗក្រោយចប់ការរត់។

ទាក់ទងនឹងចំនួនអ្នកចូលរួមវិញ ឯកឧត្ដម វ៉ាត់ ចំរើន ប្រាប់ថា មានចំនួន៦៥០០នាក់ហើយ ដែលចំនួននេះគឺជារបត់ថ្មីមួយសម្រាប់ទិវាម៉ារ៉ាតុងអន្តរជាតិអង្គរ ដោយកាលពីឆ្នាំមុនមានត្រឹមជាង៤០០០នាក់។ កំណើននឹងជួយខ្លាំងដល់សេដ្ឋកិច្ចនៅខេត្តសៀមរាបអំឡុងរដូវកាលបៃតង។

ទិវាម៉ារ៉ាតុងអន្តរជាតិអង្គរ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២ ខែសីហា ដោយមានវិញ្ញាសា៤២គីឡូ ២១គីឡូ ១០គីឡូ និង៣គីឡូ៕