ថ្វីដ្បិត Barcelona និង Juventus បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្ដី ប៉ុន្ដែការប្រកួតរវាងក្រុមទាំងពីរនារាត្រីថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ជាការប្រកួតដែលប្រិយមិត្តគាំទ្របាល់ទាត់ទន្ទឹងរង់ចាំ ដោយសារនេះជាការជួបគ្នាលើកដំបូងរវាង ខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Cristiano Ronaldo ចាប់តាំងពីកីឡាករជនជាតិព័រទុយហ្កាល់ ចាកចេញពី Real Madrid ទៅចូលរួមក្លិបសេះបង្កង់ នៅខែកក្កដា ឆ្នាំ២០១៨។
Ronaldo និង Messi បានជួបប្រកួតតទល់គ្នា មិនតិចដងនោះទេ ក្នុងការប្រកួតពានរង្វាន់នៅអេស្ប៉ាញ កាលដែល Ronaldo លេងឱ្យ Real Madrid រយៈពេល៩ឆ្នាំមុនផ្លាស់ទៅអ៊ីតាលី។ ប៉ុន្ដែនៅក្នុងជំនួប Champions League ពួកគេទាំងពីរ ជួបគ្នាតែ៥លើកប៉ុណ្ណោះ។
ក្នុងចំណោម៥លើកនោះ មាន៣លើក Ronaldo លេងនៅ Manchester United និង ២លើកទៀតនៅ Real Madrid។ ចុងក្រោយបង្អស់ពួកគេប៉ះគ្នាក្នុងជំនួប El Clasico វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ក្នុងរដូវកាល ២០១០-១១។
Messi ទទួលបានលទ្ធផលល្អជាង ដោយឈ្នះ២លើក និងស្មើ២លើក ខណៈ Ronaldo ឈ្នះតែម្ដងប៉ុណ្ណោះពោលគឺ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ រដូវកាល ២០០៧-០៨ នៅកីឡដ្ឋាន Old Trafford។ នៅក្នុងការប្រកួតទាំងនោះ Ronaldo មិនទាន់រកគ្រាប់បាល់បាននៅឡើយទេ តែ Messi រកបាន៣គ្រាប់។
បច្ចុប្បន្ន Ronaldo គ្រងតំណែងជា Top Scorer នៅ Champions League មាន១៣២គ្រាប់ ខណៈ Messi ឈរនៅលេខ២ រកបានសរុប១១៨គ្រាប់ ហើយកីឡាករទាំងពីរនេះ ធ្លាប់រកបានហេទទ្រីគ(hat-trick) ៨លើកដូចគ្នា។
មុនការប្រកួតគូពិសេស ដែលនឹងឈានចូលមកដល់នារាត្រីនេះ យើងខ្ញុំសូមដកស្រង់ស្ថិតិចំនួន៥ រវាង Barcelona និង Juventus ក្នុងការប្រកួតនៅ Champions League។ ស្ថិតិទាំងនោះរួមមាន៖
- Barcelona មិនបរាជ័យ៤ប្រកួតចុងក្រោយ ក្នុងជំនួបទល់នឹង Juventus នៅ Champions League ពោលគឺឈ្នះ២លើក និង ស្មើ២លើក ហើយបើគិតតែក្នុងវគ្គចែកពូល Barcelona ឈ្នះ២លើក និងស្មើ១លើក។
- Juventus ធ្លាប់ទទួលជ័យជម្នះតែម្ដងប៉ុណ្ណោះ ក្នុងជំនួប Champions League នៅទឹកដីរបស់ Barcelona កាលពីខែមេសា ឆ្នាំ២០០៣ ដែលកាលនោះ ក្រុមមកពីអ៊ីតាលី បានយកឈ្នះ ២-១ ហើយការប៉ះគ្នា២ប្រកួតបន្ទាប់ Juventus មិនបានជ័យជម្នះនោះទេ ដោយស្មើ ០-០ ក្នុងរដូវកាល ២០១៦-១៧ និងបរាជ័យ ០-៣ នៅរដូវកាល ២០១៧-១៨។
- Juventus មិនអាចរកគ្រាប់បាល់បានសូម្បីមួយគ្រាប់ សម្រាប់ជំនួប៤ប្រកួតចុងក្រោយជាមួយ Barcelona នៅ Champions League។ ខ្សែការពារ Giorgio Chiellini ជាកីឡាករចុងក្រោយដែលរកគ្រាប់បាល់ឱ្យ Juventus ដោយឈ្នះ ៣-០ កាលពីខែមេសាឆ្នាំ២០១៧។ ចាប់ពីពេលនោះមកពួកគេលេង ៣៩៥នាទីដោយគ្មានគ្រាប់បាល់ទល់នឹងក្រុមអេស្ប៉ាញមួយនេះ។
- Barcelona ឈ្នះ៥ប្រកួតដែលពួកគេបានលេងនៅ Champions League វគ្គចែកពូលក្នុងរដូវកាលនេះ ហើយអាចមានឱកាសឈ្នះទាំង៦ប្រកួត។ នេះជាលើកទី៨ ដែលមានក្រុមអាចឈ្នះគ្រប់ប្រកួតនៅវគ្គចែកពូល។ ក្នុងចំណោម៧លើកកន្លងមក Barcelona ក៏ធ្លាប់ធ្វើបានកំណត់ត្រានេះម្ដងផងដែរនៅរដូវកាល ២០០២-០៣ ក្រោមការដឹកនាំរបស់លោក Louis van Gaal។
- ខ្សែប្រយុទ្ធ Martin Braithwaite របស់ Barcelona អាចរកគ្រាប់បាល់បញ្ចូលទីបាន ទាំង២ប្រកួតដែលរូបគេមានឱកាសជាប់ជម្រើស១១នាក់ដំបូង ហើយបើគិតមកទល់បច្ចុប្បន្ន Gabri ជាកីឡាករ Barcelona តែម្នាក់គត់ដែល អាចស៊ុតបញ្ចូលទី៣ប្រកួតដំបូងជាប់គ្នាក្នុងរដូវកាល ១៩៩៩-២០០០ ឱ្យក្លិបអ្នកមានបុណ្យ នៅពេលជាប់ជម្រើស១១នាក់។